ប្រើរថយន្តទំនើប ដឹកជ្រូកក្លាសេខូចគុណភាព និងគ្មានឯកសារនាំចូល ត្រូវមន្ត្រីគយចាប់ដុតកម្ទេចចោល

បាត់ដំបង ៖ រថយន្ត LEXUS សេរីទំនើប ១គ្រឿង ដឹកជញ្ជូនជ្រូកក្លាសេខូចគុណភាព និងគ្មានឯកសារនាំចូលត្រឹមត្រូវ ត្រូវបានមន្ត្រីគយស្ទាក់ចាប់ត្រួតពិនិត្យ និងសុំគោលការណ៍ដុតកម្ទេចចោល ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យសារព័ត៌មាន ដឹងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ថា ការស្ទាក់ចាប់ខាងលើ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមន្រ្តីនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។

ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពី​មន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។ ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះបានសុំការអនុញ្ញាតពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណភាពនេះ តាមនីតិវិធីជាធរមាន ៕

CATEGORIES
Share This