សពកុមារីម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងដី ក្រោយបាត់ខ្លួនជិត១ថ្ងៃ សង្ស័យជាករណី រំលោភសម្លាប់
បន្ទាយមានជ័យ ៖ សពកុមារីម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងដី ទាំងអាក្រាតកាយ ក្រោយបាត់ខ្លួនជិត១ថ្ងៃ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដែលករណីនេះ គេសង្ស័យថា ជាករណីរំលោភសម្លាប់ ។
ប្រជាពលរដ្ឋ ដែលបានរកឃើញសពកុមារីរងគ្រោះ បានឱ្យដឹងថា នៅយប់នៃថ្ងៃទៅ០៩ ខែមីនា ឆ្នាំ២០២២ អ្នកភូមិ បានឃើញរថយន្តម៉ាក តូយ៉ូតាហៃឡែនឌ័រ ១គ្រឿង បើកចូលមកឈប់មួយសន្ទុះ នៅដីឡូតិ៍១កន្លែង ក្នុងភូមិទំនប់ក៥ សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសង្ស័យ អ្នកភូមិក៏បានទៅពិនិត្យនៅម្តុំនោះ ហើយក៏រកឃើញសពកុមារីមានអាវ គ្មានសំពត់ កប់ក្នុងដី ហើយសង្កត់ដុំថ្មពីលើផង ឃើញដូច្នេះ ទើបគេសង្ស័យថា ជាករណីចាប់បង្ខំរំលោភ ហើយសម្លាប់ ។
តាមការឱ្យដឹងពីលោកមេភូមិទំនប់ក៥ បានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ ហួត លីហ្សា កើតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ មានឳពុក ឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ យៀន ខេមរា អាយុ៣១ឆ្នាំ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ឪពុកម្តាយក្មេងស្រី បានមកដាក់ពាក្យបណ្តឹងករណីបាត់កូនស្រី ភ្លាមៗនោះលោកនិងកម្លាំងនគរបាល បានចុះស្រាវជ្រាវ និងបានរកឃើញកាបូបដាក់សៀវភៅ ស្បែកជើង និងដបទឹករបស់នាងនៅក្រៅសាលារៀន ។ លុះដល់ពេលយប់ ទើបរកឃើញសពរបស់នាងដូចខាងលើតែម្តង ។
លោកបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលជំនាញ បានធ្វើកោសល្យវិច័យលើសពកុមារីរងគ្រោះ ដើម្បីកំណត់មុខសញ្ញា តាមរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ ៖ KPN