មានករណីស្រុតផ្ទះប្រជាពលរដ្ឋ០៥ខ្នង លិចចូលស្ទឹងព្រែកត្នោត

380

ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០២៣នេះ មានករណី បង្កការភ្ញាក់ផ្អើល ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត ត្រូវលិចចូលក្នុងស្ទឹង ដោយសារបាក់ស្រុតដី ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីពលរដ្ឋជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនកើតហេតុ ពួកគាត់ បានលឺ​សំឡេងត្រឹបៗជាច្រើនដង ហើយផ្ទះចេះតែរង្គើរ ​ដោយភ្លាមៗនោះ បងប្អូន​ពលរដ្ឋជាម្ចាស់ផ្ទះនីមួយៗ រួមទាំងក្រុមគ្រួសារ ​បាននាំគ្នារត់ចេញទៅខាងក្រៅ ក៏ស្រាប់តែឃើញដីក្រោមផ្ទះដែលនៅជាប់នឹងច្រាំងស្ទឹង មានការបាក់ស្រុតបន្តិចៗម្តង លុះមិន​បានប៉ុន្មាន ក៏ស្រុតរលំផ្ទះពួកគាត់ចូលទៅក្នុងស្ទឹងតែម្តងទៅ ។

ប្រ​ដដែល បានបន្ថែមថា ដោយសារហេតុការណ៍ភ្លាមៗពេក ពួកគាត់ មិនអាចប្រមូលអីវ៉ាន់ និង​សម្ភារៈចំបាច់ជាច្រើន បានទាន់ពេលនោះទេ ធ្វើឱ្យសម្ភារៈ និងរបស់របរមួយចំនួន ​ត្រូវជាប់ក្នុងផ្ទះ ហើយលិចចូលទៅក្នុងស្ទឹងតែម្តង ។

ក្រោយកើតហេតុ គេសង្គេតឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ជាច្រើននាក់បានចុះដល់ទីតាំងខាងលើ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋ ​តាមដែលអាចធ្វើទៅបានផងដែរ ។

សូមបញ្ជាក់ថា ជុំវិញករណីនេះដែរ ​បើផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ពលរដ្ឋ០៥គ្រួសារ ​ដែលជាម្ចាស់ផ្ទះទាំង៥ខ្នង​ ដែលបានបាក់ស្រុតចូលក្នុងស្ទឹង រួមមាន៖ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មាន​សមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិង​ស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ ​បានបាត់លុយចំនួន ២០០០ដុល្លារ​ ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និង​សំភារៈប្រើប្រាស់ផ្សេងៗ ។ ២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មាន​សមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ​ បាត់លុយចំនួន ១០០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ទី៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មាន​សមាជិក ០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លា ​និងសំភារៈប្រើប្រាស់ផ្សេងៗ ។

ទី៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មាន​សមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែក​និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។

ទី៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មាន​សមាជិក ០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែក​និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ៩ម៉ែត្រ ៕