Connect with us

ព័ត៌មានជាតិ

បើកសម្ពោធពិព័រណ៌ពាណិជ្ជកម្ម ២០២៣ ក្រោមប្រធានបទ “យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង”

បាត់ដំបង ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំបើកសម្ពោធពិព័រណ៌ពាណិជ្ជកម្ម២០២៣ ក្រោមប្រធានបទ “យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង” ដែលរៀបចំធ្វើឡើងនៅបរិវេណផ្សារទំនើប ភួ ពុយ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោមវត្តមានឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក ផេង សិទ្ធី អភិបាលរងខេត្ត លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ម លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ។

លោកឧកញ៉ា ភួង វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មពាណិជ្ជកម្ពុជា ២០២៣ នាពេលនេះ អាចចាត់ទុកថា ជាលើកដំបូងសម្រាប់សភាពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានផង និងក្នុងការជួយសម្រួលចរន្តទីផ្សារជូនសមាជិក សមាជិការសភាពាណិជ្ជកម្មផង ដែលកន្លងមកបានជួបប្រទះនូវការលំបាកមួយចំនួន ទាំងការជ្រៀតចូលទីផ្សា និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្ម ដែលជាការលំបាកក្នុងការប្រកួតប្រជែង។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣នេះ ក្នុងគោលបំណង ៖ បង្ហាញភ្ញៀវជាតិ អន្តរជាតិឱ្យបានស្គាល់ផលិតផល និងសេវាដែលមានក្នុងខេត្តបាត់ដំបង, ជំរុញគាំទ្រនិងលើកទឹកចិត្តដល់ម្ចាស់សិប្បកម្ម សហគ្រាស ក្រុមហ៊ុន ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើទីផ្សារ, ផ្សព្វផ្សាយសក្ដានុពលរបស់ខេត្តបាត់ដំបង ដោយសារខេត្តនេះស្ថិតក្នុងប៉ូលសេដ្ឋកិច្ចសំខាន់ទីបួន និងជាតំបន់កណ្តាលសម្រាប់ចែកចាយទំនិញបន្តទៅខេត្តផ្សេងៗនៅជុំវិញ ហើយជាខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្មមូលដ្ឋាន បន្លែ ផ្លែឈើ ការកែច្នៃកសិផល ជលផល ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ជាដើម។ល។, ស្វែងរកដៃគូ ទិញទៅចែកចាយបន្ត និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ។ ហើយគោលដៅសំខាន់ គឺ ធ្វើយ៉ាងណាជំរុញសកម្មភាពពាណិជ្ជកម្ម នៅមូលដ្ឋានឱ្យផុលផុស ដើម្បីផ្ដល់ឱកាសដល់ផលិតករ សិប្បករ សហគ្រាសធុនតូច និងមធ្យម បានចូលរួមនាំយកផលិតផល មកដាក់តាំងបង្ហាញជូនភ្ញៀវទស្សនាផង និងដើម្បីស្វែងរកដៃគូពាណិជ្ជកម្មចែកចាយផង ។ ម្យ៉ាងទៀតដោយសារខេត្តបាត់ដំបង មានសក្ដានុពលសម្រាប់វិស័យទេសចរណ៍ដែរនោះ ផលិតផល និងសេវាទាំងនេះ នឹងរួមចំណែកបម្រើទីផ្សារទេសចរណ៍ផងដែរ ហើយចំណុចដែលទាក់ទាញបំផុត សម្រាប់ទេសចរណ៍នោះ គឺ ខេត្តបាត់ដំបង សំបូរទៅដោយម្ហូបអាហារឆ្ងាញ់ៗជាច្រើន មានតាំងពីយូរលុងណាស់មកហើយ ដូចជា ផ្លែឈើស្រស់ អាហារសំរន់ ម្ហូបខ្មែរ និងបង្អែមជាដើម។ល។

លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ជាការពិតណាស់ ការរៀបចំព្រឹត្តិការណ៍នេះឡើង នឹងមិនអាចដំណើរការទៅបានដោយរលូនប្រសិនបើពុំមានការចូលរួមគាំទ្ររបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជនដូចគ្នា ក្រោមការជួយជ្រោមជ្រែង សហការរៀបចំរបស់ក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តបាត់ដំបង សមាជិកសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងដៃគូវិស័យឯកជនដូចគ្នា សភាពាណិជ្ជកម្មកម្ពុជាបានជម្នះរាល់ឧបសគ្គទាំងផ្នែកស្មារតី បច្ចេកទេស និងថវិកា ខិតខំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ នេះឱ្យ លេចជារូបរាងឡើង ។ ដែលសក្ខីកម្មនេះ បានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញជារបៀបវារ: គោលនយោបាយ ក្នុងការជំរុញការគាំទ្រនឹងលើកកម្ពស់វិស័យឯកជនជាដៃគូសហការមិនអាចខ្វះបាន ៕
ដោយ ៖ សាលី