រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាង០១លាននាក់ បានមកលេងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
បាត់ដំបង ៖ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសង្រ្កាន្ត នៅខេត្តបាត់ដំបង មានភ្ញៀវទេសចរជាង១លាននាក់ មកចូលរួមកំសាន្តសប្បាយ ។
យោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអោយដឹងថា ក្នុងរយៈពេល០៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១,៥០០១៦៨នាក់ បានមកលេងខេត្តបាត់ដំបង នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសង្រ្កាន្តបាត់ដំបង ដែលបានរៀបចំឡើងនៅ បរិវេណលោកតាដំបងក្រញូង និង វិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងចំណោមភ្ញៀវទេសចរទាំង ១,៥០០១៦៨នាក់ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៣០៥,៦១៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣០៤,៩៣១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦៨៤នាក់ ។ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៤០០,២៧៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣៩៩,៤១២នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៨៦១ ។ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៧៩៤,២៨០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៩៣,០៧៨នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១,២០២នាក់ ។
កត្តាដែលធ្វើអោយភ្ញៀវទេសចរ ចូលមកកម្សាន្តលេងនៅខេត្តបាត់ដំបងច្រើន ដោយសារតែខេត្តបាត់ដំបងមានតំបន់រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ បែបធម្មជាតិ កែច្នៃ វប្បធម៌ សាសនានិងប្រវត្តិសាស្ត្ររហូតដល់ទៅ១១១ទីតាំង ដែលធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ ទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដែលទទួលបានភ្ញៀវទេសចរសរុបចំនួន ១.០៥០,២៦៩នាក់ ៕
ដោយ ៖ សាលី