ខេត្តប៉ៃលិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត៤០ម៉ឺននាក់ មកលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣
ប៉ៃលិន ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ជាពិសេសរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ មានចំនួនជិត៤០មុឺននាក់ ធ្វើឱ្យអាជីវករ លក់ដូរស្ទើរតែរកពេលសម្រាកគ្មាន ។
ដោយមានការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ល្អ និងការរៀបចំតុបតែងយ៉ាងស្រសស្អាត់ ពីសំណាក់អាជ្ញាធរខេត្ត ធ្វើអោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានការខុសប្លែកពីឆ្នាំមុនៗ មានភ្ញៀវធ្វើដំណើរមកពីតាមបណ្តាខេត្តនានា និងមានភ្ញៀវទេសចរអន្តរជាតិ ចូលមកលេងកម្សាន្តផងដែរ ។ មិនថា ពេលថ្ងៃ ឬពេលយប់នោះទេ ភ្ញៀវធ្វើដំណើរតាមដងផ្លូវយ៉ាងហូរហែរ លេងជះទឹក និងប៉ាតម្សៅ យ៉ាងសប្បាយរីករាយ រវាងអ្នកភូមិជាមួយនិងភ្ញៀវដែលបើកបរម៉ូតូ និងរថយន្តលេងតាមដងផ្លូវ ។ ជាពិសេស អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំការលេងរាំកម្សាន្តសប្បាយ ការលេងល្បែងប្រជាប្រិយ នៅត្រង់កន្លែង សង្ក្រាន្តទាំង៤កន្លែង ទូទាំងខេត្តប៉ៃលិន ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ សរុបមាចំនួន៣៨៧,៨០៥នាក់ ។ លើសពីនេះ មានភ្ញៀវទេសចរអន្តរជាតិ សរុបមានចំនួន ៨.២៥០នាក់ ។ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបមានចំនួន ៣៩៦,០៥៥នាក់ ដែលតួលេខនេះ បានកើនឡើងរហូតដល់១៦៧.៦៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន ៕