Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលក្នុងខែមីនា បានហក់ឡើងខ្ពស់ ស្មើនឹង ២២,៥២% នៃផែនការ

ភ្នំពេញ៖ នៅក្នុងខែ មីនា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានហក់ឡើងខ្ពស់គួរជាទីគត់សម្គាល់ ក្នុងចំនួនប្រមាណជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវជាង ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយក លើកឡើងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២៣ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះថា ចំណូលពន្ធប្រចាំខែ មីនា ឆ្នាំ ២០២៣ និងនៅក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៣ បានហក់ឡើងខ្ពស់ ​ដោយសារជារៀងរាល់ឆ្នាំ ខែ មករាដល់ ខែមីនា គឺជារដូវកាលនៃការប្រកាស​ និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ឬខាតរបស់​សហគ្រាសនាឆ្នាំកន្លងមកប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថារកបានចំណេញ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ​បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)

ជាក់ស្តែងការប្រមូលចំណូល នៅក្នុងខែ មីនា ឆ្នាំ ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវប្រមាណជា ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែ មីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួនជាង ២១៧ ប៊ីលានរៀល ត្រូវជិត ៥៤លានដុល្លារ  ស្មើនឹង ៧,១៦%

ចំណែកចូលសរុបរយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៥ ៤៤២ប៊ីលានរៀល ត្រូវជិត ១ ៣៤៤លានដុល្លារ ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធអាករ​ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ស្មើនឹង ៦,៣៩%

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ខែនេះដែរ ទោះបីចំណូលមាន​ការកើនឡើង តែការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះបាន បន្តយកលេសពីស្ថានភាព​នៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេល​ឬគេចវះ ពីការបង់បំណុលពន្ធ។

ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការ​យឺតយ៉ាវ​ក្នុងការបង់បំណុលពន្ធ ​និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាម​កាលកំណត់ផងដែរ៕