Connect with us

ព័ត៌មានជាតិ

បញ្ជូនក្មេងទំនេីងម្នាក់​ ក្នុងចំណោមក្មេងទំនើង ២ក្រុម ដេញវ៉ៃកប់គ្នា កណ្តាលក្រុងសិរីសោភ័ណ ទៅតុលាការ

បន្ទាយមានជ័យ​ ៖ នៅតែមានក្រុមក្មេងទំនើង បង្កជាបក្សពួក ឬក៏ក្រុមដេញវ៉ៃគ្នាដដែល ដោយមិនអាសូចិត្តឪពុកម្តាយ និងត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបបាន តែរហូតក៏ដោយ ។

ជាក់ស្តែងជាថ្មីម្តងទៀតកាលពីរសៀល ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនេីងម្នាក់ ក្នុងករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (ជិះម៉ូតូដេញវ៉ៃកាប់បំផ្លាញម៉ូត) កាលពីវេលាម៉ោង០៣ និង០៨នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខការ៉ាស់សាំងPTT ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យដែលបានឃាត់ខ្លួនជាអនីតិជនឈ្មោះ​ ឈ គ ឈ (ហៅម៉ៃ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ក្រុងសិរីសោភ័ណ​ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បញ្ជាក់ថា​ កាលពីកេីតហេតុ​ មានក្រុមក្មេងទំនេីងចំនួន០២ក្រុម មានគ្នាប្រហែលចំនួន០៩នាក់ ម៉ូតូចំនួន០៤គ្រឿង ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំណុចមុខការ៉ាសសាំង PTT ក្រោយពីធ្វើសកម្មភាពរួចក្រុមទាំងពីរជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។​ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ កំណត់បាននូវមុខសញ្ញា​ ក្មេងទំនើងទាំង២ក្រុម ១-ក្រុមDL(ដីឡូត៍),​ ២-ក្រុមOMB(អូរអំបិល) បន្ទាប់ពីកំណត់មុខសញ្ញាបានហេីយ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនបានក្មេងទំនេីងម្នាក់ខាងលើ ។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យបានឆ្លើយសារភាពថា​ រូបខ្លួនជាសមាជិកក្នុងក្រុម DL (ដីឡូត៍) ហើយកន្លងមកក្រុមរបស់ខ្លួន ពុំដែលមានទំនាស់ជាមួយក្រុម OMB (អូរអំបិល)នោះទេ ។​ នៅថ្ងៃកេីតហេតុវេលាម៉ោងប្រមាណ ៣ទាប់ភ្លឺ ខ្លួននិងបក្ខពួកមកពីដេីរលេងនៅផ្សាររាត្រី​ ពេលជិះដល់ម៉ូតូមកដល់ចំណុចការ៉ាសសាំង PTT ក៏បានជួបនិងក្រុម OMB(អូរអំបិល) មានម៉ូតូ៣គ្រឿងជិះដេញកាប់ពួកខ្លួនតែម្តង ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា​​​​ ឆ្នាំ​២០២៣​នេះ​ ៕