Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាបណ្តាលអោយមនុស្សប្រុសស្រី០៤នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ មនុស្សប្រុសស្រីចំនួន០៤នាក់ បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿង បុកគ្នានៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកឆាលីពណ៌សគ្មានផ្លាកលេខ០១គ្រឿងបើកបរដោយស្ត្រីចំណាស់ម្នាក់ទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ) ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AP-5053 បើកបរដោយក្រុមយុវជនជិះគ្នា០៣នាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបានជ្រុលមកបុកម៉ូតូឆាលីពេញទំហឹងបណ្តាលអោយផ្លោងចូលគូថរថយន្តដែលកំពុងឈប់ចតបណ្តាលអោយរងរបួសធ្ងន់បែកក្បាលទាំង០៤នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ សាលី