Connect with us

ព័ត៌មានជាតិ

ក្នុងរយៈពេល៧ខែ កម្ពុជានាំចេញកសិផលជាង ៤,៥លាតោន ទទួលបានចំណូលជាង២,៦ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស​ មាន បរិមាណសរុប ៤,៥លានតោន ទៅទៅកាន់ទិសដៅ ៦៨ប្រទេស ​ដោយមានការថយចុះចំនួន ១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានលើកឡើងក្នុងរបាយការណ៍ការនាំចេញកសិផល​នៅ​ក្រៅប្រទេស ក្នុងរយៈពេល៧ខែ ​ឆ្នាំ២០២៣នៅថ្ងៃទី៨ ​ខែសីហានេះថា​ ការនាំចេញកសិផលទៅ​ក្រៅប្រទេស​ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យ​គ្រឹះភូតគាម​អនាម័យជាតិ រួមមាន ​អង្ករចំនួនជាង ៣៦ម៉ឺនតោន ស្រូវចំនួនជាង ១,៥លានតោន និងកសិផលក្រៅពីស្រូវអង្ករចំនួនជាង ២,៦លានតោន។

ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជាង ២,៦ពាន់​លានដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួនជាង ៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួនជាង ៥០៤ លានដុល្លារអាមេរិក និងតម្លៃការនាំចេញ​កសិផល​ក្រៅពីស្រូវអង្ករមានចំនួនជាង ​១,៨ពាន់លានដុល្លារអាមេរិក​។

របាយការណ៍ដដែលបន្តថា ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការ​ថយ​ចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ​ក្រសួងមើលឃើញថា ​មានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើង​នៅពេលវេលាខាងមុខ។ កើនឡើងនេះដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សា​សន្តិសុខ​ស្បៀងក្នុងប្រទេសរបស់ខ្លួន។ 

ក្រសួងលើកឡើងថា ​ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង កម្ពុជា​កំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាង​សេដ្ឋកិច្ចពី​ព្រឹត្តិការណ៍​នេះ ​តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕