៤ខែឆ្នាំនេះ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំជាង ១៥ ពាន់លានដុល្លារអាម៉េរិក

ភ្នំពេញ៖ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញ មានចំនួនជាង ៧ពាន់លានដុល្លារ ខណៈការនាំចូលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិការធ្វើ​ពាណិជ្ជកម្ម​ទំនិញសំខាន់ៗ ជាមួយប្រទេសសំខាន់ៗ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជាចិន មានទំហំទឹកប្រាក់ជាង ៣ ៨៩៤ លានដុល្លារ ថមថយចុះប្រមាណជិត ១ ភាគរយ ទោះបីមានការ​ថមថយចុះបន្តិចបន្ទួចក៏ដោយ​ តែការនាំចេញរបស់កម្ពុជាទៅ ​កាន់ទីផ្សារចិន បានបន្តកើនឡើង​ប្រមាណជិត ៤ភាគរយ ។

ចំណែកការធ្វើពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកវិញ ​មានទំហំទឹក ប្រាក់ជាង ២ ៥២៤​លានដុល្លារ ​ថមថយជាង ១៦ភាគរយ ខណៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម មានទំហំទឹកជាង ២ ៤៣០ លានដុល្លារ កើនឡើងជាង ៥ ភាគរយ។

ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជាថៃ វិញ នៅក្នុងរយៈពេល ៤ ខែ នេះដែរ មានទំហំទឹកប្រាក់ជាង ១ ៣៥២ លាន ដុល្លារ បានថមថយចុះជាង ៩ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនជាង ៣ ភាគរយ ។

ចំពោះពាណិជ្ជកម្មទ្វេរភាគី កម្ពុជា និងសិង្ហបុរី មានទឹកប្រាក់ជាង ៤៨០ លានដុល្លារ ក្នុងនោះកម្ពុជា​ក៏បាននំាចេញកើនឡើងជាង ៣៤៥ ភាគរយ, ខណៈការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី មានទំហំ​ទឹក​ប្រាក់ជាង ៣៩២ លានដុល្លារ​ ដោយក្នុងនោះការនាំចេញរបស់កម្ពុជា ​ក៏មានការកើនឡើង ជាង ៦០ ភាគរយផងដែរ។

សូមបញ្ជាក់ថា ក្រៅពីទីផ្សារសំខាន់ៗខាងលើ កម្ពុជាក៏មានការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ទៅកាន់​ប្រទេសផ្សេងៗ​ជាច្រើនទៀតដូចជា ​ប្រទេសជប៉ុន, អាល្លឺម៉ង់, តៃវ៉ាន់, កាណាដា, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, អេស្បាញ, ម៉ាឡេស៊ី, ប៊ែលហ្សិក, បារាំង, អូស្រ្តាលី, ឥណ្ឌា, ហូឡង់, ហុងកុង និង​ទៅកាន់ប្រទេសជាច្រើនផ្សេងទៀត​ ជាពិសេសជាមួយអេមីរ៉ាតអារ៉ាប់រួម ខណៈដែលកម្ពុជាអេមីរ៉ាតអារ៉ាប់ រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលក្រុមការងារចរចារបស់កម្ពុជា បានកំពុង ​ខិតខំយ៉ាងសកម្ម ក្នុងការរៀបចំ គាំទ្រ​ដល់ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ៕

CATEGORIES
Share This