Connect with us

ព័ត៌មានកីឡា

រថយន្ត HIGHLANDER បើកបុកម៉ូតូ SCOOPY បណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមនឹងកន្លែង

បាត់ដំបង ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក HONDA  SCOOPY ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AR-8089 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AL-1648 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិចបានរ៉េចង្កូតបុកបង្កាន់ដៃស្ពានដាក់ជាច្រើនបន្លោះ និងបន្តបុកម៉ូតូពេញទំំហឹង បណ្តាលអោយម៉ូតូប៉ើងជិត១០០ម៉ែត្រ និងជនរងគ្រោះជាស្ត្រីមិនទាន់ស្គាល់អត្តសញ្ញាណ ធ្លាក់ចូលស្ទឹងសង្កែ ស្លាប់ភ្លាមតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះទៅដល់ឃាត់ខ្លួនជនបង្កភ្លាមៗ បន្ទាប់មកវាស់វែងធ្វើកំណត់ហេតុ និងដឹកសាកសពយកទៅតម្កល់ទុកនៅវត្តបច្ឆា ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី