Connect with us

ព័ត៌មានជាតិ

វិស័យឯកជន សន្យាទិញស្រូវសរីរាង្គចំនួន១,២០០តោន ពីសហគមន៍កសិកម្ម ខេត្តព្រះវិហារ

ព្រះវិហារ ៖ កិច្ចសន្យាទិញលក់ស្រូវសរីរាង្គ ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ក្រោមវត្ដមានលោក អ៊ុក គឹមសាន អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ អង្គការដៃគូរអភិវឌ្ឍន៍ មន្ទីរ ពាណិជ្ជកម្មខេត្ត សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។

ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា សហភាព​សហគមន៍ កសិកម្មព្រះវិហារមានជ័យ គឺជាសហភាពដំបូង ដែលបានបង្កើតឡើងក្នុង​ព្រះរាជាណាចក្រ កម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៦ មានសមាជិកសរុបចំនួន ២៥សហគមន៍ ជាមួយនឹងកសិករ ចំនួន ៥,៤០៣គ្រួសារ ដែលមានទីតាំងនៅស្រុកទាំង ០៧នៃខេត្តព្រះវិហារ ហើយទស្សនៈ វិស័យរបស់សហភាពគឺ “កសិករនៅខេត្តព្រះវិហារ នឹងមានជីវភាពធរធារស់នៅ ប្រកបដោយ ភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ”។

សម្រាប់ពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយក្រុម ហ៊ុនហ្គោលដេនរ៉ាយស៍នឹងទទួលទិញស្រូវសរីរាង្គចំនួន ១,២០០តោន ពីសហគមន៍កសិកម្ម ចំនួន ០៧ ដែល​មានអ្នកផលិត ១,០០០គ្រួសារ និងក្រុមហ៊ុនអេមរុរ៉ាយស៍ ​នឹងទទួលទិញស្រូវ សរីរាង្គ​ប្រភេទស្រូវស ចំនួនប្រមាណ ១,០០០តោន ពីសហគមន៍កសិកម្មចំនួន៤ ដែលមានអ្នក ផលិត ៥០០គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែមលើបរិមាណដែលបានចុះហត្ថលេខាកាលពី ខែមិថុនាកន្លងមកថ្មីៗនេះ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា បានឲ្យដឹងថា ឆ្នាំ ២០ ២៣នេះ គឺជាឆ្នាំទី៩ហើយ នៃការចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុង ខេត្តព្រះវិហារ។ លោកក៏បានប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វ ផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំ ទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បី នៅឆាកអន្ដរជាតិ។ ហើយទោះបែបនេះក្ដី ​លោកនៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំង អស់ សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ធ្វើយ៉ាងណាត្រូវគោរពទៅតាមគោលការណ៍ កិច្ច សន្យា ពិសេសស្ដង់ដាសរីរាង្គ។

លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា រាជរដ្ឋាភិបាលបន្តវេន បាននឹងកំពុងសិក្សាលើការធ្វើពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារដោយការនាំចេញផលិតផលកសិ កម្ម របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារពិភពលោក ហើយកសិកម្ម គឺនៅតែជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយខេត្តព្រះវិហារ គឺជាខេត្តគោលដៅនៃវិស័យកសិកម្ម។

សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣ បាន​អនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន ១០០,០៥៩ហិកតា ​និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុក ដាំ មានចំនួន ១០០,៣០១ ហិកតា លើផែនការ ៩៩,៨១៧ហិកតា ស្មើនឹង ១០០,៤៨%។ការបង្ករបង្កើនផល​ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ​និងដំណាំឈើហូបផ្លែ ​គិតត្រឹម ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ អនុវត្តន៍បាន ៨៤,០៣៧ ហិកតា នៃផែនការ ៨២,៣១៥ ហិកតា ស្មើនឹង ១០២,០៩%