រយៈពេល៧ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង២០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

សៀមរាប៖ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង២០,៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំនួននេះ កើនឡើងជាង ៥០០ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេល ៧ខែនេះ មានទេសចរសរុប ៤៣៩ ៣៦៥នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ៤២៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ដោយឡែក ក្នុងខែកក្កដា កន្លងទៅនេះ មានទេសចរ ជាង៥៣ពាន់នាក់ បាន​ទិញបណ្ណចូលទស្សនា​រមណីយដ្ឋានអង្គរ​ ហើយចំណូលលក់សំបុត្រនោះមានជាង២,៤លានដុល្លារ។

ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ ​បានចំនួន ១០,៦ម៉ឺនដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៧ពាន់នាក់ ។

យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែកចេញជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។​

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ កើនឡើង១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១៕

CATEGORIES
Share This