Connect with us

ព័ត៌មានជាតិ

បែកធ្លាយ! មន្ដ្រីថា ដីស្រះរដ្ឋជិត៣០,០០០ម៉ែត្រការ៉េ ក្នុងក្រុងប៉ោយប៉ែត ប្រកាសលក់១ម៉ែត្រការ៉េ២០០ដុល្លារ យកលុយចែកគ្នា

បន្ទាយមានជ័យ៖ សំណេរមន្ដ្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃសាលាក្រុងប៉ោយប៉ែត បានបង្ហើបថា ដីស្រះរបស់រដ្ឋជិត ៣០,០០០ម៉ែត្រការ៉េ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ១ម៉ែត្រការ៉េ២០០ដុល្លារ ស្មើនឹងទឹកលុយជិត៦លានដុល្លារ យកលុយចែកគ្នា ។

នេះ បើយោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុកលោក ឈ្មោះ រ៉េត រ៉ន ស្រលាញ់សន្តិភាព” នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ។

យោងតាមសំណេររបស់លោក រ៉េត រ៉ន បានសរសេរថា «ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត ៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លារ ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ?! ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី ? និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជាមន្រ្តីមូលដ្ឋាន មិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការ »

សូមបញ្ជាក់ផងដែរថា លោក រ៉េត រ៉ន ជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុក្រុងប៉ោយប៉ែត ករណីលោកហ៊ានយកមកទម្លាយ ក្នុងបណ្តាញសង្គមបែបនេះ បើជាការពិត សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ? ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ ។

យោងតាមឯកសារមួយស្លឹក​ដែលបានបង្ហោះ គឺស្ថិតនៅភូមសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលមានសមាសភាពចូលរួមវាស់វែង​ ដូចខាងក្រោម

លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ចំ.បំ

លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត

លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ

លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ

លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត

លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត

លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល

លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត

លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ

១០លោក ម៉ៅ ធី មេភូមិគីឡូលេខ៤

នេះមិនមែនជាលើកទីមួយទេសម្រាប់ការបែកធ្លាយករណីលក់ដីរដ្ឋនៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ ២០២៣ ក៏មានករណីលក់ដីសួន និងដីអណ្ដូងទឹករបស់រដ្ឋដែរ ដែល​ជា​អំណោយដ៏ថ្លៃថ្លា​របស់​សម្ដេចតេជោ ហ៊ុន សែន ​សម្រាប់ឲ្យប្រជាពលរដ្ឋ ៥៩៩ ប្រើប្រាស់ក្នុងសហគមន៍​មានទីតាំងស្ថិតនៅ ​សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ពេលនោះដោយសារមានការតវ៉ាពីប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏សម្រេចចិត្ត ចេញលិខិតនិរាករណ៍ចោលទាំងអស់ ។

ទាក់ទងព័ត៌មាននេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនបានឆ្លើយតបនោះទេ។ចំណែកលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា រូបលោកមិនដឹងថា ដីនោះមានទីតាំងម្ដុំណានោះទេ បើតាមនីតិវិធីគ្មានបុគ្គលណាមានសិទ្ធិយកដីរដ្ឋទៅលក់ដូរនោះទេ ៕