Connect with us

ព័ត៌មានជាតិ

១៥ថ្ងៃ ដើមខែមេសា ពលករខ្មែរចេញចូលប្រទេស មិនចាំបាច់ប្រថាប់ត្រា និងគ្មានចំណាយបន្ទុកនោះទេ គ្រាន់តែស្កែនចូលទិន្នន័យ ជាការស្រេច

បន្ទាយមានជ័យ ៖ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤ ពលករខ្មែរមិនថាចេញ ឬចូលប្រទេស គឺ មិនចាំបាច់ប្រថាប់ត្រា និងគ្មានចំណាយបន្ទុកចេញចូលប្រទេសនោះទេ ពោលគឺ ទាំងខាងខ្មែរ និងថៃ គ្រាន់តែស្កែនចូលទិន្នន័យ ជាការស្រេច ។

នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ី  ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីក្រោមឱវាទអបដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ បងប្អូនពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ត្រី អ៊ី  ចំរើន បានបញ្ជាក់ថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានសម្រុកចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត មានរយៈពេលជិត១សប្តាហ៍មកហើយ ហើយតាមការគិត នឹងមានពលករខ្មែរជាច្រើនម៉ឺននាក់ ដែលនឹងវិលមកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដើម្បីមកជួបជុំក្រុមគ្រួសារ ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត និងមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានធ្វើការសម្របសម្រួលជាមួយភាគីថៃ ច្រកខ្លងឡឹក ដើម្បីឲ្យពលករខ្មែរចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត បានងាយស្រួល និងឆាប់រហ័ស ហើយក៏ដើម្បីឆ្លើយតបតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងការសម្របសម្រួលដល់ការវិលត្រឡប់មកស្រុកកំណើត របស់ពលរដ្ឋកម្ពុជា អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។

ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតចេញ.ចូល (Re-Entry Pemit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានលិខិតឆ្លងដែន និងលិខិតធ្វើដំណើរពលករកម្ពុជា ទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ(Nom-immigration L-A Visa) ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតអោយស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា សម្រាប់ការទទួលស្វាគមន៍នេះ នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានចែកជូននូវកន្សែងអនុស្សារីយ៍ នុំប៉័ង និងទឹកពិសារ ដល់បងប្អូនពលករខ្មែរ ដែលត្រឡប់មកស្រុកកំណើតនេះផងដែរ ៕