Connect with us

ព័ត៌មានជាតិ

អបអរសាទរ! ប្រាសាទកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ប្រាសាទកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយជោគជ័យ។ នេះបើតាមការផ្សាយព័ត៌មានដោយក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រាសាទកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅប្រទេសអារ៉ាប៊ីសាអូឌីតដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា ប្រាសាទកោះកេរ្តិ៍ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូនឯកសារស្នើសុំចុះបញ្ជីនៅតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូ តាំងពីខែមករា ឆ្នាំ២០២១។

ប្រាសាទកោះកេរ្តិ៍ មានទំហីដីជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។ ប្រាសាទប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ ៣៥ម៉ែត្រ ចែកចេញជា ៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ ៥៥កាំ។

តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់ ៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។

ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន៥៦៕