Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរាប់ពាន់នាក់មកចូលរួមពិធីបុណ្យមហាសង្ឃទានលើកទី១១ប្រគេនភត្តដល់ព្រះសង្ឃ ១០០០អង្គ

ខេត្តបាត់ដំបង! ប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលកាន់វិស័យព្រះពុទ្ធសាសនា រាប់ពាន់នាក់មកពីតាមបណ្តាខេត្តជាច្រើនបានមកចូលរួមក្នុងកម្មវិធីបុណ្យមហាសង្ឃទានលើកទី១១ ប្រគេនភត្តដល់ព្រះសង្ឃចំនួន ១០០០អង្គ នៅមជ្ឈមណ្ឌលសុភមង្គល ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ពិធីនេះដែរបានប្រារព្ធរៀបចំធ្វើឡើងកាលពីព្រឹកអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមបុណ្យដោយមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ឌុង ចាន់នី និងក្រុមការងារវិទ្យុ ឌុង ចាន់នី FM98.30MHz រាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទ គ្រប់ទិសទីផងដែរ។

លោកមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ឌុង ចាន់នី បានអោយដឹងថា កម្មវិធីបុណ្យមហាសង្ឃទានប្រគេនភត្តដល់ព្រះសង្ឃនេះជាលើកទី១១ហើយ ក្នុងនោះសម្រាប់ខេត្តបាត់ដំបងបានចំនួន០៣លើក  ហើយគម្រោងរបស់លោកបន្ទាប់ពីភ្ជុំបិណ្ឌរួច និងដឹកនាំពុទ្ធបរិស័ទយកប្រាក់ទៅកសាងព្រះកម្ពស់ ១០៨ ម៉ែត្រ នៅភ្នំបូកគោ ហើយនិងមានគម្រោងបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោកមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ឌុង ចាន់នី ក៏បានប្រគេនពរដល់លោកម្ចាស់គ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូន លោកយាយ លោកតា ដែលមកពីទីជិតទីឆ្ងាយទាំងអស់ សូមអោយបានសេចក្តីសុខ សេចក្តីចំរើន សម្បត្តិទាំងឡាយបីប្រការ មនុស្ស ទេវតា និងព្រះនិព្វាន ។