Connect with us

ព័ត៌មានអន្តរជាតិ

ប្រទេសម៉ិកស៊ិក ផ្ទុះការតវ៉ាទាមទារសិទ្ធិទទួលបានការរម្លូតកូនដោយសុវត្ថិភាព

បាតុកររាប់ពាន់នាក់ បានដើរដង្ហែតាមដងផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ដើម្បីតវ៉ាទាមទារឱ្យមានការរម្លូតកូនដោយសុវត្ថិភាព និងស្របច្បាប់ ក្នុងអំឡុងទិវារម្លូតកូនដោយសុវត្ថិភាពអន្តរជាតិ។

ការតវ៉ានេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយក្រុមមន្ត្រីនគរបាលនារីជាច្រើននាក់ ស្ថិតនៅសងខាងនៃវិថី ប៉ាស៊ីអូ ដេ ឡា រ៉េហ្វ័រម៉ា (Paseo de la Reforma) ក្នុងទីក្រុងនេះផងដែរ។

ដោយខុសពីបាតុកម្មមុនៗ អំពើហិង្សាមិនបានកើនឡើងក្នុងការប្រមូលផ្ដុំនេះទេ បើទោះបីជាមានភាពតានតឹងរវាងបាតុករជ្រុលនិយម និងក្រុមមន្ត្រីនគរបាលក៏ដោយ។

នៅដើមខែកញ្ញានេះ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធ ស្តីពីភាពខុសច្បាប់នៃការរម្លូតកូន ដោយបញ្ជាក់ឡើងវិញនូវសេចក្តីសម្រេចមុននេះថា ទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន គឺខុសពីរដ្ឋធម្មនុញ្ញ និងអនុញ្ញាតឱ្យប្រព័ន្ធថែទាំសុខភាពសហព័ន្ធផ្តល់សេវាទាំងនោះដល់អ្នកជំងឺ។

យ៉ាងណាក៏ដោយ ការរម្លូតកូននៅតែត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ នៅក្នុងរដ្ឋចំនួន២០ ក្នុងចំណោមរដ្ឋទាំង៣២ របស់ម៉ិកស៊ិកផងដែរ៕