Connect with us

ព័ត៌មានជាតិ

ថៃប្រទះឃើញ អាវុធយុទ្ធភណ្ឌជាច្រើន នៅក្បែរព្រំដែនថៃ-កម្ពុជា

បរទេស ៖ អាវុធជាច្រើនប្រភេទ រួមទាំងគ្រាប់រំសេវផងនោះ ត្រូវបានកម្លាំងយោធាថៃរកឃើញនៅពេលកំពុងល្បាត តាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលជនមិនស្គាល់មុខ បានវេចខ្ចប់យ៉ាងស្អាត លាក់ទុកនៅតាមកំពតព្រៃ។

ការប្រទះឃើណនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងយោធាព្រំដែនថៃលេខ ៥២៣ និង ៥២៦ ក្នុងប្រតិបត្តិការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានា ដែលអាចឆ្លងដែនពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជា។

យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃ ធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែង ជាប់ចំការមៀននៅត្រង់ចំណុចស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យ ដែលគេរុំវិចខ្ចប់ដោយការ៉ុងជីជាច្រើនដុំ ហើយបានលាក់កប់ទុកនៅតាមព្រៃ ដោយមានការសង្ស័យកម្លាំងយោធាថៃ បានចូលទៅត្រួតពិនិត្យលើវត្ថុទាំងនោះ។

ក្រោយការត្រួតពិនិត្យ កម្លាំងយោធាថៃ បានរកឃើញ អាវុធប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធសម្រាប់បាញ់បញ្ជូនគ្រាប់បែកខ្នាត 40 មីលីម៉ែត្រ (M203) ចំនួនមួយដើម អាវុធខ្នាត 12.7 មីលីម៉ែត្រចំនួនមួយដើម គ្រាប់កាំភ្លើងខ្នាត 12.7 មីលីម៉ែត្រចំនួន 510 គ្រាប់។

បច្ចុប្បន្នកម្លាំងយោធាថៃ បានប្រមូលអាវុធទាំងនោះ យកទៅរក្សាទុកដើម្បីស្រាវជ្រាវរកប្រភពដើម ហើយក៏កំពុងបន្តរុករក តាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕