Connect with us

ព័ត៌មានជាតិ

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការភាពក្រីក្រក្នុងសហគមន៍ខេត្ត បានអញ្ជើញ បើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន៥៤០នាក់ មកពីឃុំទាំងបួន ក្នុងស្រុក សលាក្រៅ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបើកផ្តល់ប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងនិតិសប្បទានាពេលនេះ គឺ ដើម្បីចូលរួមចំណែកដោះស្រាយ លើកកំពស់ជីវភាព របស់បងប្អូនអតីតយុទ្ធជនបានមួយកំរិត តែមិនបានបំពេញតាម តំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកប មុខរបរចិញ្ជឹម ជីវិត ដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា រាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខ មាល ភាពរបស់ប្រជាពលរដ្ឋ ដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើន ខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វបែបយ៉ាង ក៏ដូច ជា ការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយ ជីវភាពរបស់ពលរដ្ឋមានការរីកចំរើនជាលំដាប់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជក់ថា ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើ ឱ្យ ជីវភាពរស់នៅរបស់បងប្អូន ឱ្យមានភាពប្រសើរឡើង ព្រមទាំងការគាំពារផងដែរ ជាពិសេសខេត្តប៉ៃលិនយើងត្រូវបាន រាជរដ្ឋាភិបាល បានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយជនពិការ ក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ ២០១៦មក ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បាន អោយដឹងថា ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ជនពិការក្រីក្រក្នុងក្រុងប៉ៃលិន សរុបចំនួន ៥៤០នាក់ ស្រី ១៨២នាក់ ដែលក្នុងនោះ ឃុំស្ទឹងត្រង់ ចំនួន១៣៥នាក់ ស្រី៣៧នាក់ ជនមានពិការភាពដែលត្រូវ ទទួលប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ៤៧នាក់ ស្រី ១៤នាក់ និង ៦ខែ ចំនួន ៨៨នាក់ ស្រី ២៣នាក់ ឃុំសាលាក្រៅចំនួន ១១៧នាក់ ស្រី ៥៩នាក់ ជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ១២ខែចំនួន៧៥នាក់ ស្រី៣៤នាក់ និង ៦ខែ ចំនួន ៤២នាក់ ស្រី២៥នាក់ ឃុំអូរអណ្ដូងចំនួន១៤នាក់ ស្រី៥នាក់ ជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ១០នាក់ ស្រី ៥នាក់ និង ៦ខែ ចំនួន ៤នាក់ និងឃុំស្ទឹងកាច់ ចំនួន ២៧៤នាក់ ស្រី ៣៧នាក់ ជនមានពិការភាពដែលត្រូវទទួល ប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ១៥១នាក់ ស្រី ៤៩នាក់ និង ៦ខែ ចំនួន ១២៣នាក់ ស្រី ៣២នាក់៕