Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី៣០ ខែមីនា ឆ្ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកហៃវេ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២០មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AI-3338 បើកបរដោយឈ្មោះ យីម ស៊ីយ៉ា ភេទស្រី អាយុ១៩ឆ្នាំរស់នៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង (ឆ្លងផ្លូវ)លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1O-5710 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយធ្លាក់ចូលប្រឡាយរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅអប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ សាលី