Connect with us

ព័ត៌មានជាតិ

ប្រកាសផ្លាស់ប្តូរ ប្រធានសាលាដំបូងខេ​ត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការពិធីប្រកាសផ្ទេរ និង​ចូលកាន់​មុខតំណែង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ ឯក្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបានតែងតាំង និង​ផ្ទេរ​មុខតំណែង​ លោក សេងលាង ពីជាប្រធានសាលាដំបូងរាជធានីភ្នំពេញ មកជា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួស លោក ងួន ណា​រ៉ា ទៅកាន់មុខតំណែងជា ប្រធានសាលាដំបូងរាជធានីភ្នំពេញវិញ ។

លោកលោក ងួន ណា​រ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលត្រូវផ្លាស់ចេញ បានមានប្រសាសន៍ថា ក្នុងរយៈពេលដែល លោកបានបំពេញការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ កន្លងមកនេះ លោកបានខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយបានធ្វើការរួមជាមួយព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជីនិងមន្ត្រីក្នុងស្ថាប័ន និងក្រៅស្ថាប័ន ។ ក្នុងនោះ ស្ថិតិសំណុំរឿងប្រចាំឆ្នាំរយៈពេលជាង៤ឆ្នាំ  មាន សំណុំរឿង សល់ពីមុន ចំនួន ១.៧២៤រឿង សំណុំរឿង, ចូលថ្មី ចំនួន៤.៧៣៤រឿង, ក្នុងនោះសំណុំរឿងចាត់ការរួច ចំនួន៥.១៤៨រឿង, ពុំទាន់ចាត់ការ៧៧៥រឿង និងសំណុំរឿងកំពុងចាត់ការមានចំនួន៦៦០រឿង ក្នុងនោះមានសំណុំរឿង ព្រហ្មទ័ណ្ឌជំនុំជម្រះ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងអនុវត្តជាច្រើនទៀត ។ ក្រៅពីនោះ ទាំងអស់គ្នាក្នុងសាលាដំបូងនិងអយ្យការអមសាលាដំបូងក៏បានសង់អគារចំនួន៤ គឺអាគារ “ក” “ខ” “គ” “ឃ” ក្នុងរយៈពេល៤ឆ្នាំ ៣ខែ ១៨ថ្ងៃក្នុង សាលាដំបូងខេត្តនេះ ។

លោក សេងលាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យថ្មី បានប្តេជ្ញាចិត្តខិតខំទ្វេរដង ដើម្បីបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានលទ្ធផល និងមានប្រសិទ្ធភាពល្អ ប្រកបដោយការទទួលខុសត្រូវ ។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ថ្វីត្បិតការផ្លាស់ប្តូរតួនាទីភារៈកិច្ច របស់មន្ត្រីជាដំណើរប្រព្រឹត្តិទៅធម្មតា នៃរដ្ឋបាលការងារប៉ុន្តែវាក៏ដើម្បីពង្រឹងលទ្ធផល និងប្រសិទ្ធិភាពការងារផង និងលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការផង ។

ឯកឧត្តម បានមានប្រសាសន៍ ជម្រុញឲ្យចៅក្រមម្នាក់កាត់ក្តីយ៉ាងហោចឲ្យបាន១ទៅ២រឿង ក្នុង១ថ្ងៃ ពោលគឺ ១ឆ្នាំឲ្យបានប្រមាណ២០៥រឿង ជាពិសេសការពន្លឿនការកាត់ក្តីសំណុំរឿងគ្រឿងញៀនដែលកើនខ្ពស់រាល់ថ្ងៃដូចដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ៕