កាកបាទក្រហមអន្តរជាតិ​ សរសេីរក្រសួងមហាផ្ទៃកម្ពុជា​ លេីការងារកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ

13

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នារសៀលថ្ងៃទី៥​ ខែកម្ភៈ ឆ្នាំ២០៤នេះ​ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ​ (ICRC))​ ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

ជាមួយគ្នានេះ​ លោកស្រីប្រធានបេសកកម្ម​ ICRC ក៏បានជម្រាបប្រមុខក្រសួងមហាផ្ទៃកម្ពុជានូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ​ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។ ​​

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង​របស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុង ពេលអតីតកាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។

​ប្រមុខក្រសួងមហាផ្ទៃកម្ពុជា​ ក៏បានវាយតម្លៃខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការ ​ដ៏រឹងមាំក្នុងវិស័យពន្ធនាគារ​រវាង​ក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបាន​ចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន​ និងថាសម្រាប់ក្រសួងមហាផ្ទៃ​ ក៏ដូចជាឯកឧត្តមផ្ទាល់​ អនុសាសន៍ដែលអង្គការ ICRC តែងតែបានផ្ដល់ជូនមក​ គឺជាធាតុចូលដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យពន្ធនាគារនៅកម្ពុជា។

​ឯកឧត្តមអភិសន្តិបណ្ឌិត​ ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ រួមមានដំណោះស្រាយចំពោះមុខ និងចក្ខុវិស័យនាពេលអនាគត និងការកែលម្អលក្ខខណ្ឌឃុំខ្លួនរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ ​រួមមាន ការថែរក្សាសុខមាលភាពរបស់ជនជាប់ឃុំ និងការរក្សាទំនាក់ទំនងរបស់ជនជាប់ឃុំជាមួយក្រុមគ្រួសារ។ ​

លោកស្រី Dena Fisher បានបន្តថា បើទោះបីជាបេសកកម្មរបស់អង្គការ ICRC នៅកម្ពុជា នឹងមាន​ការកាត់បន្ថយមួយចំនួននៅឆ្នាំ ២០២៤ នេះក៏ដោយ ប៉ុន្តែអង្គការ ICRC នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យពន្ធនាគារ​ និងការស្ដារទំនាក់ទំនងរវាងក្រុមគ្រួសារ និងជនជាប់ឃុំបន្តទៀត ដោយមានកិច្ចសហការពីកាកបាទក្រហមកម្ពុជាផងដែរ។ ​

ឈរលេីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រមាណ​ ៣០ឆ្នាំ​ រវាងក្រសួងមហាផ្ទៃកម្ពជា​ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ និងលោកស្រី Dena Fisher បានឯកភាពបន្តការប្ដេជ្ញាចិត្តក្នុងភាពជាដៃគូដ៏រឹងមាំនេះ​ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការដែលបានធ្វើក្នុងពេលកន្លងមក៕