Connect with us

ព័ត៌មានជាតិ

ទណ្ឌិត៦៧នាក់ នឹងត្រូវលើកលែង និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរខាងមុខ

បន្ទាយមានជ័យ យោងតាមស្មារតីនៃកិច្ចប្រជុំ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ ស្តីពី ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យបានសម្រេច លើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន៦៧នាក់ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់លោក គឹងវណ្ណៈអភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ លោកឧត្តមអគ្គនុរក្សថ្នាក់លេខ២អ៊ុងស៊ីផានប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងព្រហ្មទណ្ឌ នៃស្នងការខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់

លោកឧត្តមអគ្គនុរក្សថ្នាក់លេខ២អ៊ុងស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានអានស្ថិតិបញ្ជីឈ្មោះនិងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើហើយសុំការអនុម័តពីគណៈកម្មការ ដើម្បីលើកលែងទោស និងបន្ធូរបន្ថយទោសសុំថ្វាយការសម្រេចពីថ្នាក់លើក្នុងនោះមាន បន្ធូរបន្ថយទោសពី៣ខែ ដល់៩ខែ ដល់ទណ្ឌិតចំនួន៣២នាក់ ស្រី២នាក់ និងលើកលែងទោសទណ្ឌិត ចំនួន៣៥នាក់ ស្រី១នាក់ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២ ខាងមុខ

ក្រោយទទួលស្តាប់ស្ថិតិបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតរួចមក លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ របស់លោកប្រធានពន្ធនាគារ និងមន្ត្រីក្រោមឱវាទ បូករួមទាំងការពិនិត្យ និងវាយតម្លៃលើសកម្មភាពអនុវត្តគុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយបានវាយតម្លៃ និងស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស

ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ សង្ឃឹមថា ដំណើរការនេះ នឹងមិនមានអំពើពុករលួយ ភាពលំអៀង និងបក្ខពួកឡើយ ពោលគឺ ធ្វើដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ និងបានផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់គុកហើយ ចេញពីពន្ធនាគារវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល

ដោយ KPN