ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកសារដាស់តឿន “អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក”

ភ្នំពេញ ៖ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្របខណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លា “អ្នកអាចភ្លេចអេដស៍ តែអេដស៍ មិនភ្លេចអ្នក” និងបញ្ជាក់ទៅកាន់អង្គពិធី ថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះ នៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។

បើតាមប្រមុខក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការសុីវិល និងកងកម្លាំងរាប់ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា “អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ” គឺជាប្រយោគអប់រំបែបប្រាកដនិយម និងជាសារដាស់សតិជនគ្រប់រូបកុំភ្លេចខ្លួនឱ្យសោះចំពោះមេរោគអេដស៍ ជាពិសេសដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែសរបស់អ្នកប្រព្រឹត្តតែមួយភ្លែត។

ភ្ជាប់និងភារកិច្ចប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់គណៈកម្មការក្រោមឱវាទ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្ញើចសរសើរជាពិសេសនូវផែនការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយផ្តោតទៅលើក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួតស៊ីគ្នានៃបញ្ហា ឧទាហរណ៍៖ ស្ត្រីវ័យចំណាស់ម្នាក់ជាមនុស្សមានផ្ទុកមេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។

សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ទី១៩-២០ (ឆ្នាំ១៩៩១-២០០០) ការឆ្លងរាលដាលនៃមេរោគអេដស៍ បានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ចំណុចខ្ពស់បំផុតនៅឆ្នាំ១៩៩៨។ ក្នុងស្ថានភាពនៃការរីករាលដាលមេរោគអេដស៍នេះ គ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រួមមាន ម្ចាស់ជំនួយ  អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល បានសហការខិតខំប្រឹងប្រែងយ៉ាងស្អិត រមួតទប់ស្កាត់ការរាលដាលនៃមេរោគនេះ។​

សម្រាប់ក្រសួងមហាផ្ទៃ ​នៅក្នុងចន្លោះឆ្នាំ២០១៩​ ដើម្បីចូលរួមចំណែកការទប់ស្កាត់ការរីករាលដាល នៃមេរោគអដស៍ និងបញ្ចប់មេរោគនេះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ឡើង ព្រមទាំងមានអាណត្តិជាក់លាក់។ បច្ចុប្បន្នលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ៕

CATEGORIES
Share This