គ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ ត្រូវបានរកឃើញ នៅទីតាំងពីរផ្សេងគ្នា ក្នុងក្រុងបាត់ដំបង

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ២៣គ្រាប់ ត្រូវបានប្រទះឃើញ នៅក្នុងដីខណៈក្រុមជាងកំពុងចុះជីក គាស់កាយដីនៅទីតាំងពីរផ្សេងគ្នា ក្នុងក្រុងបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ករណីទី០១ នៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានកម្មករប្រទះឃើញគ្រាប់ B-40 ចំនួន ០៣គ្រាប់ ខណៈពេលដែលពួកគាត់យកគ្រឿងចក្រកាយដីដាក់លូបង្ហូរទឹកកខ្វក់ចេញពីក្រុង ។

ករណីទី២ នៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខាងមន្រ្តីបច្ចេកទេសបោសសម្អាតមីន បានចុះអនុវត្តបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅលើទីតាំងគម្រោងដីសាងសង់អាគារសាលប្រជុំនៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ក៏បានប្រទះឃើញគ្រាប់កាំភ្លើងត្បាល់ទំហំ 60 mm ចំនួន ០១គ្រាប់ , ក្បាលផ្ទុះគ្រាប់កាំភ្លើងត្បាល់ទំហំ 60 mm ចំនួន ១៥គ្រាប់ , គ្រាប់បែកដៃប្រភេទ 82-2 ចំនួន ០១គ្រាប់  , B-40 ចំនួន ០៣គ្រាប់។

ក្រោយប្រមូលបាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើបច្ចុប្បន្នត្រូវបានជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលក្រោយ ៕
ដោយ ៖ សាលី

CATEGORIES
Share This