Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋសម្តែងការសប្បាយចិត្តនៅពេលអាជ្ញាធរចុះអនុវត្តស្ថាបនាច្រាំងស្ទឹងនិងផ្លូវបេតុង ក្រោយបាក់ស្រុតដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង! ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងបានសម្តែងការសប្បាយចិត្តខ្លាំងនៅពេលបានឃើញអាជ្ញាធរយកចិត្តទុកដាក់ចុះអនុវត្តស្ថាបនាច្រាំងស្ទឹងនិងផ្លូវបេតុងដើម្បីសម្រួលដល់ការធ្វើដំណើរ ខណៈដែលផ្លូវមួយខ្សែនេះរងការខូចខាតបាក់ស្រុតស្ទើបោះបង់ចោលដោយជំនន់ទឹកភ្លៀង។

លោក សេក ផានិត មេឃុំអូរដំបង១ បានលើកឡើងអោយដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា ផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះគឺមានប្រវែងជិត ២០០០ម៉ែត្រ ដោយគិតចាប់ពីស្ពានផ្សារខ្វែងរហូតដល់ផ្លូវរថភ្លើង ដែលជាការផ្តួចផ្តើមពីអាជ្ញាធរខេត្ត និងមានការចូលរួមពីសប្បុរសជនផងដែរ ហើយកន្លងមកគម្រោងផ្លូវបេតុងនេះគឺយើងធ្វើបានច្រើនហើយ តែមានកន្លែងខ្លះទើបធ្វើបានមួយចំហៀងដោយសារច្រាំងបាក់ អញ្ចឹងចំណុចដែលបាក់គឺយើងចាប់ផ្តើមធ្វើច្រាំងឡើងវិញ រួចហើយបន្តចាក់បេតុងអោយត្រូវទំហំ០៧ម៉ែត្រ។

លោកបន្តថា សមិទ្ធផលថ្មីដែលរដ្ឋបាលឃុំទទួលបាននាពេលនេះគឺប្រជាពលរដ្ឋមានការសប្បាយចិត្តនិងសាទរខ្លាំង ពីព្រោះផ្លូវនេះកន្លងមកខូចខាតច្រើន ហើយស្ងាត់មិនសូវមានមនុស្សជិះឆ្លងកាត់ទេ ដោយសារច្រាំងកន្លែងខ្លះបាក់ពិបាកជិះ ដល់ឥឡូវកើតផ្លូវថ្មីមកទើបមានការចរាចរណ៍អ៊ូអរឡើងវិញហើយប្រជាពលរដ្ឋដែលរស់នៅមានផ្ទះជាប់តាមដងផ្លូវនេះគឺគាត់សប្បាយចិត្តខ្លាំង ក្នុងនាមលោកជាអាជ្ញាធរឃុំក៏សប្បាយចិត្តដែរដោយទទួលបានផ្លូវបេតុងមួយខ្សែដ៏ធំមួយនេះ។

លោកបានបញ្ជាក់បន្ថែមថា អ្វីកន្លងមកដែលមានមតិចចាមអារ៉ាមមួយចំនួនដែលបានលើកឡើងថាគេចាក់ដីលុបរំលោភយកដីស្ទឹងជាកម្មសិទ្ធគឺមិនមែនទេ ដូច្នេះសូមបងប្អូននិងបណ្ដាញសង្គមមួយចំនួនកុំមានការយល់ច្រឡំ ព្រោះការធ្វើនេះបើយើងមិនកាយដីលុបបិទទឹកគឺយើងមិនអាចធ្វើច្រាំងបាននោះទេព្រោះទឹកច្រើន ហើយក្រោយបញ្ចប់ការស្ថាបនាច្រាំងស្ទឹងនិងផ្លូវបេតុង អាជ្ញាធរឃុំនិងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវផងដែរ។