Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីក្រុងពាលី បួងសួង សូត្រមន្ត និងរាប់បាត្រព្រះសង្ឃជាង៥០អង្គ

បាត់ដំបង ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីក្រុងពាលី បួងសួង សូត្រមន្ត  ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាទូរទាំងប្រទេស។

ពិធីក្រុងពាលី បួងសួង សូត្រមន្តនេះដែរ បានប្រារព្ធរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្ដម  សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន នៃមន្ទីរពាក់ព័ន្ធជំវិញខេត្តជាច្រើនរូបផងដែរ។

ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមរដ្ឋបាលខេត្ត តែងតែប្រារព្ធរៀបចំធ្វើពិធីក្រុងពលី បួងសួង សូត្រមន្តនេះឡើងជារៀងរាល់ឆ្នាំគោលបំណងដើម្បីទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងប្រោះព្រំ លើករាសី សុំសេចក្តីសុខសប្បាយជូនដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងទាំងមូល។

ក្នុងនាម ឯកឧត្ដមជា អភិបាលនៃគណះអភិបាលខេត្ត និងក្នុងនាមអោយរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមសូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអោយតាមបីបាច់ថែរក្សាទៅដល់ពុកម៉ែបងប្អូន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់សូមអោយជួបតែសេចក្ដីសុខ សេចក្ដីចំរើន រកស៊ីទទួលទានមានបាន និងឈ្នះអស់សត្រូវទាំងឡាយទាំងពួង។

ក្រោយពីពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខរួចមក ក៏មានការរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួនជាង៥០អង្គផងដែរ៕
ដោយ ៖ សាលី