Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងប៉ោយប៉ែត ចុះណែនាំ និងធ្វើកិច្ចសន្យា លើម្ចាស់អាជីវកម្មទីតាំង KTV ក្នុងក្រុងប៉ោយប៉ែត

ប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះណែនាំ និងធ្វើកិច្ចសន្យា លើម្ចាស់អាជីវកម្មទីតាំង KTV ក្នុងក្រុងប៉ោយប៉ែត ហាមមិនឲ្យមានការប្រើប្រាស់និងចែកចាយនូវសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងរបស់ខ្លួន ជាដាច់ខាត។

ការចុះធ្វើរដ្ឋបាលលើទីតាំងខាងលើ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្ត បានចុះប្រតិបត្តិការបង្រ្កាបលើទីតាំងក្លិបកំសាន្ត និងទីតាំងខារ៉ាអូខេ ចំនួន២ គឺខារ៉ាអូរខេយីហោ B9.KTV និងក្លិបកម្សាន្តឡាំ​បូគីនី​ LAMBORGHINI កាលពីយប់ចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលសង្ស័យ មានការប្រើប្រាស់គ្រឿងញៀន។

លោក គាត ហ៊ុល  បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើបញ្ហាល្បែងសុីសងខុសច្បាប់និងគ្រឿងញៀន លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ដឹកនាំក្រុមកងារ ចុះណែនាំ និងធ្វើកិច្ចសន្យា លើម្ចាស់អាជីវកម្មទីតាំង KTV ហាមមិនឲ្យមានការប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងរបស់ខ្លួន ជាដាច់ខាត ។

គួរបញ្ជក់ថា កន្លងមកនៅក្រុងប៉ោយប៉ែត តែងបែកធ្លាយរូបភាព និងរឿងអាស្រូវ ចេញពីក្លិបកំសាន្ត និងខារ៉ាអូខេល្បីៗ នៅក្រុងប៉ោយប៉ែតដូចជា ៖ ខារ៉ាអូខេឡាហ្វីរ៉ាបច្ចុប្បន្នដូរឈ្មោះមកជា អេហ្សីប ខារ៉ាអូខេស្កាយមានបើកអោយប្រើប្រាសគ្រឿងញៀន និងលេងល្បែងសុីសង។បច្ចុប្បន្នមហាជននៅតែមានការសង្ស័យទៅលើទីតាំងខារ៉ាអូខេអេហ្សុីប និងផែអាត់ មានបើកអោយភ្ញៀវចូលលេងនៅអ្វីដែលច្បាប់ហាម ។ ព្រោះខារ៉ាអូខេអេហ្សុីប មានឮសម្លេងភ្លេងញាក់ដែលគេហៅថា វ៉ៃឡើងមិនថាពេលថ្ងៃឬយប់ឡើយ ៕