ឯកឧត្តម អ៊ី ឈាន ដឹកនាំបិទយុទ្ធនាឃោសនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំបិទយុទ្ធនាឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះបានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន, លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់, លោក លោកស្រី ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង/ស្រុក , យុវជនគណបក្ស, សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះជាច្រើនរូបផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមរបស់សមាជិក សមាជិកាបក្សនាពេលនេះ មិនគ្រាន់តែបង្ហាញឲ្យឃើញនូវកម្លាំងសាមគ្គី និងឯកភាពផ្ទៃក្នុងបក្សដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទឹកចិត្ត ឆន្ទះ ក្តីស្រលាញ់ គាំទ្រ និងជឿជាក់មកលើគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ហើយបើមិនមានការចូលរួម និងគាំទ្ររបស់សមាជិកបក្ស និងប្រជាពលរដ្ឋទេ គណបក្សប្រជាជនកម្ពុជាក៏មិនអាចឈរជើង និងដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះបានដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍឆ្ពោះទៅរកអនាគតដ៏រុងរឿង ដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាមន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព ថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

មានប្រសាសន៍លើកឡើងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ក៏បាននាំមកនូវការសាកសួរសុខទុក្ខ និងក្តីនឹករឭកពីសម្តេចប្រមុខទាំង៣ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំង៣ ជាប្រមុខ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ ជាពិសេសសមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន ៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ចំណែករាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឲ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបគ្រប់មូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ដែលជាសមាជិក សមាជិការក្រុមប្រឹក្សាឃុំ-សង្កាត់ សូមថែរក្សាសុខភាពឲ្យបានល្អ, ហាមពិសារគ្រឿងស្រវឹង, កុំចេញទៅណាឆ្ងាយៗ, និងត្រៀមលក្ខណៈទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោត អោយបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិន គឺមានក្រុង-ស្រុក ចំនួន ២ ឃុំ-សង្កាត់ ចំនួន ៨, ការិយាល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់ និងមានអសនៈ ក្រុមប្រឹក្សាខេត្ត ចំនួន ១៥, ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុមប្រឹក្សាស្រុកសាលាក្រៅ ១៥៕

CATEGORIES
Share This