សិស្សានុសិស្សក្រីក្រ ១០០នាក់ នៅស្រុកមង្គលបូរី ទទួលអំណោយ កង់ និងសំភារៈសិក្សា ពីក្រុមហ៊ុន KOICA និងក្រុមហ៊ុន ហុីយ៉ាន់ដាយ

បន្ទាយមានជ័យ ៖ សិស្សានុសិស្សក្រីក្រ ១០០នាក់ ដែលខិតខំតស៊ូរៀនសូត្រ មកពីឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ កង់ និងសំភារៈសិក្សា ពីក្រុមហ៊ុន KOICA និងក្រុមហ៊ុន ហុីយ៉ាន់ដាយ ។

ពិធីប្រគល់អំណោយនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រោមការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA) ឯកឧត្តម អុឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងលោក ស៊ុន រ៉ាវឿន តំណាងប្រធានក្រុមហ៊ុនហុីយ៉ាន់ដាយ ព្រមទាំងអស់លោក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ទៀតផងដែរ ។

អំណោយឧបត្ថម្ភខាងលើ រួមមាន ៖ កង់ចំនួន១០០, កាបូបសិស្ស ចំនួន១០០, សៀវភៅ ចំនួន៥០០ក្បាល, ប៊ិច ចំនួន១០០ដើម, ថ្នាំដុសធ្មេញ ចំនួន១០០ដុំ,  ច្រាស់ដុសធ្មេញ ចំនួន១០០, សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល, វចនានុក្រមសម្តេចជួនណាត  ចំនួន៣ក្បាល, ភូគោល ចំនួន៣, និងម៉ូទ័របូមទឹក ១ សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើមផងដែរ ។

សូមបញ្ជាក់ថា សិស្សានុសិស្សក្រីក្រ តស៊ូរៀនសូត្រ ទាំង១០០នាក់ខាងលើ មកពីសាលាចំនួន៣ រួមមាន ៖ សាលាបឋមសិក្សាតាឡំ, បឋមសិក្សាចុងគោក, និងសាលាបឋមសិក្សាព្រះស្រែ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This