គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពង្រឹងប្រសិទ្ធិភាព ការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា

ប៉ៃលិន៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលា ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ៕

CATEGORIES
Share This