Connect with us

ព័ត៌មានជាតិ

រំលងមួយយប់ នគរបាលបង្រ្កាបបានក្រុមក្មេងទំនើង១១នាក់ ដែលកាប់យុវជនម្នាក់ និងម៉ូតូ៣គ្រឿង នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ពិតជាមិនធម្មតាមែន រំលងបានមួយយប់ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ បានបង្រ្កាបបានទាំងសំបុកក្រុមក្មេងទំនើង១១នាក់ ដែលជិះម៉ូតូប្រដាប់ដោយដាវកាំបិតតូចធំ កាប់ក្រុមយុវជនមួយក្រុមទៀត អោយរបួសម្នាក់ និងកាប់បំផ្លាញ់ម៉ូតូបីគ្រឿងហើយគេចខ្លួន កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចតូបលក់ចាបហ៊ួយ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីករណីហឹង្សាដោយចេតនាពីសំណាក់ក្មេងទំនើងខាងលើ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនគរបាលខេត្ត បានអោយកម្លាំងជំនាញរបស់លោក ចុះទៅទីតាំងកើតហេតុ ហើយធ្វើយ៉ាងណាបង្រ្កាប់តាមចាប់ ក្រុមក្មេងបង្កអោយបាន ។ ជាលទ្ធផលនៅព្រឹកឡើងថ្ងៃ២៤ ខែឆ្នាំដ៏ដែល វេលាម៉ោង៨ និង១៥នាទី កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការណ៍ជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ កំណត់បានមុខសញ្ញាជនសង្ស័យ បានឈានដល់ការឃាត់ និងនាំខ្លួនជនសង្ស័យចំនួន១១នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មានឈ្មោះដូចខាងក្រោម ៖ ទី១,ឈ្មោះ ឡន ជីឡុង អាយុ១៦ឆ្នាំ (បក្សពួក) ។ ទី២,ឈ្មោះ សម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ (បក្សពួកមានកាំបិតតែមិនបានចុះកាប់) ។
ទី៣,ឈ្មោះ ញែប ឡុងហេង អាយុ១៧ឆ្នាំ (ដៃដល់មានកាំបិត) ។ ទី៤,ឈ្មោះ ពេញ នរៈសត្យា អាយុ១៧ឆ្នាំ  (បក្សពួក) ។ ទី៥,ឈ្មោះ ខន រតនាអាយុ១៦ឆ្នាំ (បក្សពួក) មុខសញ្ញាចាស់ ។ ទី៦,ឈ្មោះ ខន សិរីឧត្តមអាយុ១៦ឆ្នាំ (បក្សពួក) មុខសញ្ញាចាស់ ។ ទី៧,ឈ្មោះ យាន គារ៉ា អាយុ១៦ឆ្នាំ (បក្សពួក) ។ ទី៨,ឈ្មោះ ធឿន ប៉ូលីន អាយុ១៧ឆ្នាំ (បក្សពួក) ។ ទី៩,ឈ្មោះ ប៊ុឡា ផានិត អាយុ១៥ឆ្នាំ (បក្សពួក) ។ ទី១០,ឈ្មោះ ជូ បញ្ចះបញ្ញា អាយុ១៦ឆ្នាំ (បក្សពួក) មុខសញ្ញាចាស់ ។ ទី១១,ឈ្មោះ ភាព ពីនធុក អាយុ១៥ឆ្នាំ (បក្សពួក) ។

លោកបន្តថា ដោយឡែកក្រុម ជនរងគ្រោះមានគ្នា៥នាក់ រួមមាន ៖ ១-ឈ្មោះ សមុទ្យ ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះ រដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ហេង ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ រតនា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ ឆាត សៀវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ ។ ក្រុមក្មេងទាំងពីក្រុម ខ្លះនៅសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ និងនៅឃុំសំបួរ ។

លោកបញ្ជាក់ថា ក្រុមជនបង្ករ មានគ្នា១១នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម ៥គ្រឿង ម៉ាកស្កុបពីរ ១គ្រឿង ពណ៌ខៀវ ក្នុងចំណោមជនបង្ករ ក្រុមជនរងគ្រោះថា មិនស្គាល់ឈ្មោះទេ ចំណាំតែម៉ូតូស្កុបពីពណ៌ខៀវ ។ ដំបូងក្រុមជនបង្ករ បានជិះម៉ូតូមកដល់តូបលក់ចាប់ហ៊ួយ ក៏ធ្វើសកម្មភាពកាន់កាំបិតកែឆ្នៃ(គួនអុី) ដេញកាប់ និងយកដុំថ្មគប់ទៅលើក្រុមជនរងគ្រោះ កាប់ចំត្រូវដៃខាងឆ្វេង ជនរងគ្រោះឈ្មោះ សមុទ្យ ភេទប្រុស  និងកាប់កំទេចម៉ូតូខូចខាតអស់ចំនួន ៣គ្រឿង ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី  ចំណែកម៉ូតូខាងជនរងគ្រោះ ១គ្រឿង ត្រូវសមត្ថកិច្ចយើងយករក្សាទុកនៅប៉ុស្ដិ៍នគរបាលអូរអំបិល ។

ជនសង្ស័យទាំង១១នាក់ សមត្ថកិច្ចកំពុងស្នើរសុំគោលការណ៍ ឃាត់ខ្លួនដើម្បីអនុវត្តនីតិវិធីច្បាប់ ៕