សពក្មេងប្រុសដែលបាត់ខ្លួនពេញមួយយប់ ត្រូវបានរកឃើញនៅបាតប្រឡាយទឹក

បាត់ដំបង ៖ សពក្មេងប្រុសម្នាក់ ត្រូវបានពលរដ្ឋរាវរកឃើញ នៅបាតប្រឡាយទឹក នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយបាត់ខ្លួនពេញ១យប់ ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ មានភ្លៀងធ្លាក់មួយមេ ហើយមានក្មេងជាច្រើននាក់ ក្នុងនោះមានក្មេងរងគ្រោះផងដែរ បាននាំគ្នារត់លេងទឹកភ្លៀងយ៉ាងសប្បាយ លុះក្រោយមេឃរាំងភ្លៀង ពួកគេក៏បាននាំគ្នាចូលផ្ទះ និងផ្លាស់សំលៀកបំពាក់ បន្ទាប់មកក្មេងរងគ្រោះ ក៏បានឆ្លងថ្នល់ទៅចុះលាងជើងនៅមាត់ប្រឡាយ បាត់មិនឃើញមកផ្ទះ ទើបមានការសង្ស័យនាំគ្នារកតែរកមិនឃើញ ។

ប្រភពដដែលបានបន្តថា ដោយមានការមិនអស់ចិត្ត នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បងប្អូនអ្នកជិតខាងបាននាំគ្នាយកដុំថ្មចងខ្សែអូសក្នុងទឹកស្វែងរកបន្តទៀត រហូតនៅវេលាម៉ោង១០និង៣០នាទី ទើបប្រទះជួបសាកសពនៅបាតប្រឡាយក៏ស្រង់ឡើងមកតែម្តង ដែលសាកសពមានឈ្មោះ ឡុង ហ្គែល ភេទប្រុស អាយុ១១ឆ្នាំ រស់នៅជាមួយយាយនិងតា នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ខណៈដែលឪពុកស្លាប់ចោល ចំណែកម្តាយចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ៕
ដោយ ៖ សាលី

CATEGORIES
Share This