Connect with us

ព័ត៌មានជាតិ

ករណីជនជាតិថៃរំលោភ នារីខ្មែរ ត្រូវសាលាឧទ្ធរណ៍បាត់ដំបង បញ្ជូនឱ្យតុលាការខេត្តប៉ៃលិន ដោះស្រាយឡើងវិញ

ប៉ៃលិន ៖ ក្រោយពីទទួលរងភាពអយុត្តិធម៌ នៅក្នុងសាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីគេ បានដោះលែងជនសង្ស័យ ជនជាតិថៃម្នាក់ ដែលបានលួងលោមនារីខ្មែរ យកទៅរំលោភសេពសន្ថវ:នៅប្រទេសថៃរហូតបានសម្រេច ដោយគ្មានទទួលបានសំណងអ្វីទាល់តែសោះ ។ លុះសង្កេតឃើញភាពអយុត្តិធម៌លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ជូននារីរងគ្រោះ។ រហូតមកដល់ថ្ងៃ០៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងបើកសវនាការ ដោយបញ្ជូនសំនុំរឿង ឱ្យមកខាងសាលាដំបូងខេត្តប៉ៃលិន ពិចារណាកាត់ក្តីសាជាថ្មីឡើងវិញ។

ជនរងគ្រោះ ឈ្មោះ ឡ ស.វ.ម បានឱ្យដឹងថា ការប្តឹងឧទ្ធរណ៍របស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ពិតជាមានប្រសិទ្ធភាព ក្នុងការជួយរូបនាង ដែលជាជនរងគ្រោះ។ ហើយខាងមហាអយ្យការសាលាឧទ្ធរណ៍បាត់ដំបង បានរៀបចំបញ្ជូនសំនុំរឿងដ៏អយុត្តិធម៌សម្រាប់រូបនាង មកឱ្យខាងសាលាដំបូងខេត្តប៉ៃលិន ធ្វើការកាត់ក្តីសារជាថ្មីឡើងវិញ។ នារីរងគ្រោះបន្តទៀតថា បន្ទាប់ពីដឹងថា គេបញ្ជូនសំនុំរឿងករណីសេពសន្ថវ: ឱ្យមកជំនុំជម្រះកាត់ក្តីនៅសាលាដំបូងខេត្តប៉ៃលិនម្តងទៀតនេះ រូបនាង ក៏ដូចជាប្រជាពលរដ្ឋរស់នៅទូទាំងខេត្តប៉ៃលិន កំពុងតែរង់ចាំយ៉ាងអន្ទះសារ មើលករណីសំណុំរឿងរំលោភសេពសន្ថវ: ដែលលោកព្រះរាជអាជ្ញាបានជួយប្តឹងបន្តឱ្យខ្លួន។ នារីជនរងគ្រោះក៏សង្ឃឹមថា សាលាដំបូងខេត្តប៉ៃលិន នឹងកាត់ក្តីសារថ្មីឡើងឡើងវិញ ដោយមានភាពយុត្តិធម៌ជូនដល់ខ្លួនម្យ៉ាងទៀតនៅបន្ទប់ជំនំជំរះគ្មានវត្តមានជនល្មើស។

សូមបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌលេខ១៨៦ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ របស់អយ្យការអមសាលា ដំបូងខេត្តប៉ៃលិន។ ដីកាបានកោះអញ្ជើញឈ្មោះ ឡ. ស.វ.ម ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាដើមបណ្តឹង ឲ្យចូលទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៨ និង០០នាទីព្រឹក ជាកំហិត ដើម្បីចូលរួមសវនាការ ដែលមានជនត្រូវចោលឈ្មោះ សីលប៉ាក់ កាន់នុកផុន ភេទប្រុស ជនជាតិថៃ ជាប់ចោទពីបទៈរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅព្រះរាជាណាចក្រថៃ កាលអំឡុងខែមេសា ឆ្នាំ២០២៣ បទល្មើស ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ៕