Connect with us

ព័ត៌មានជាតិ

នាំខ្លួនម្ចាស់ផេកហ្វេសប៊ុកម្នាក់ ក្រោយបង្ហោះវីដេអូរ និងមានសរសេរថា (ស្រុកបវេលឆ្នាំនេះទុកអោយអាញ់ធ្វើមេ)

បាត់ដំបង ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការអត្តរាគមន៍បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល កម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងប្រាំ បានចុះធ្វើការស្រាវជ្រាវរហូតនាំខ្លួនម្ចាស់ផេកហ្វេសប៊ុកម្នាក់ មកអប់រំណែនាំ ក្រោយបង្ហោះសារលើបណ្តាញសង្គមថា (ស្រុកបវេលឆ្នាំនេះទុកអោយអាញ់ធ្វើមេ) ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានធ្វើការនាំខ្លួនម្ចាស់ផេកម្នាក់ឈ្មោះ នី សាវីន ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យបឹងប្រាំ ដែលរស់នៅក្នងភូមិបឹងធុង ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បន្ទាប់ពីម្ចាស់ហ្វេសប៊ុកឈ្មោះ JUMOP បង្ហោះវីដេអូរ និងមានសរសេរថា (ស្រុកបវេលឆ្នាំនេះទុកឲ្យអាញ់ធ្វើមេ) ។

បន្ទាប់ពីនាំខ្លួនយកមកសាកសួររួចឈ្មោះ នី សាវីន បានឆ្លើយថា ខ្លួនពិតជាបានផុសវីដេអូរ និងសរសេពាក្យទាំងនោះពិតប្រាកដមែន ដោយមានហ្វេសប៊ុកមិនចាំឈ្មោះបានឆាតមកខ្លួនឲ្យជួយផុស ដោយបានកោសកាតទូរស័ព្ទឲ្យខ្លួន 1$ ដើម្បីផុស ហើយចំណែកអ្នកដែលឲ្យខ្លួនផុសនោះ ខ្លួនមិនដែលបានស្គាល់នោះទេ ហើយក៏មិនដឹងរស់នៅទីណាដែរ បន្ទាប់ពីខ្លួនផុសវីដេអូរនោះរួច ខ្លួនក៏បានលុបហ្វេសប៊ុកអ្នកដែលឲ្យខ្លួនផុសនោះចោលអស់ ទើបខ្លួនមិនបានចាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញធ្វើការសួរនាំរួចមក មន្ត្រីជំនាញបានឲ្យម្ចាស់ផេកឈ្មោះ នី សាវីន ធ្វើការសុំទោស និងធ្វើកិច្ចសន្យាអប់រំ និងប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត ដោយឡែកករណីបង្ហោះបំពុលសង្គមខាងលើនេះ អធិការដ្ឋានកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ សាលី