Connect with us

ព័ត៌មានជាតិ

ពលរដ្ឋអ្នកលក់ដើមផ្កាអង្គាសីល្ប៍ អាចបញ្ចប់អាជីព ខណៈបង់ខាតលក់មិនសូវដាច់ ពីរបីឆ្នាំជាប់គ្នា

បាត់ដំបង ៖ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រៅពីក្រដាសជូនពរឆ្នាំថ្មី និងគោមក្រហម ដែលបិទតាមជញ្ជាំង តាំងលំអក្នុងផ្ទះ ប្រជាជនចិន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាត់សែស្រឡាយចិន បានតុបតែងលំអផ្ទះសម្បែងរបស់ខ្លួន ដោយដើមរុក្ខជាតិ ដូចជា ដើមសេដា ដើមផ្កាស្បៃរឿង ដើមក្រូចឃ្វិច និងដើមផ្កាអង្គាសីល្ប៍ជាដើម ។

នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែគៀកខិតជិតមកដល់ គេឃើញប្រជាពលរដ្ឋជាអ្នកប្រកបរបរលក់ដើមផ្កាអង្គាសីល្ប៍ជាច្រើនគ្រួសារ បាននាំគ្នាយកដើមផ្កាអង្គាសីល្ប៍មកដាក់តាំងលក់ជាហូហែនៅតាមមាត់ស្ទឹងសង្កែ ត្រើយខាងកើត ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីអោយប្រជាជនចិនក៏ដូចជាប្រជាជនកម្ពុជាដែលកាត់សែស្រឡាយចិន ទិញយកទៅតុបតែងលំអផ្ទះសម្បែងរបស់ពួកគាត់តាមទម្លាប់ដែលគាត់ធ្លាប់ឃើញឪពុកម្តាយរបស់គាត់ធ្វើតាំងពីគាត់នៅកុមារភាពមក ។

សម្រាប់អ្នកលក់ផ្កាអង្គាសីល្ប៍ម្នាក់ឈ្មោះ ទៀម តឿ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពីរឆ្នាំកន្លងទៅនេះពួកគាត់លក់មិនសូវដាច់ទេ ហើយឆ្នាំនេះក៏កាន់តែយ៉ាប់លក់មិនសូវដាច់ដែរ ឆ្នាំក្រោយគាត់ឈប់យកមកលក់ទៀតហើយ ព្រោះថា ការយកមកលក់រាល់ឆ្នាំពិបាកខ្លាំងណាស់ ទិញគេយកពីព្រៃតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់  ផ្លូវឆ្ងាយលំបាក ហើយទិញមកថ្លៃលក់ចេញបានថោក ហើយលក់មិនសូវដាច់ទៀត មិនសូវមានភ្ញៀវចុះមកទិញទេ។

គួរបញ្ជាក់ថា ដើមអង្គាសិល្ប៍ជាប្រភេទឈើព្រៃភ្នំដែលប្រជាជនចិនចូលចិត្តយកដាក់តាំងលម្អគេហដ្ឋាននាអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ខ្លួន ហើយបើយោងតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ពាក្យថាអង្គាសីល្ប៍ ឬអ្នកស្រុកខ្លះហៅថាអង្គាលឿង ឬថាជាឈ្មោះឈើមួយប្រភេទផ្កាសម្បុរលឿង មានក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាល ហើយចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយលាស់ជាថ្មីក្នុងរវាងខែចេត្រ និងខែពិសាខ ៕
ដោយ ៖ សាលី