Connect with us

ព័ត៌មានជាតិ

ផ្ទុះកង់ឡានដំរីទឹក ឆក់យកជីវិតជាងប៉ះកង់ឡានម្នាក់ យ៉ាងសង្វេគ

បន្ទាយមានជ័យ ៖ ជនរងគ្រោះជាជាងប៉ះកង់ឡានម្នាក់ បានស្លាប់យ៉ាងសង្វេគ ខណៈសប់កង់ឡានដំរីទឹក ដឹកផ្លែឪឡឹក បណ្តាលឲ្យផ្ទុះខ្ចាតប៉ើងជិត ៣០ម៉ែត្រ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមអ្នកឃើញហេតុការណ៍ ដែលអង្គុយលក់ដូរ នៅមុខកន្លែងកើតហេតុ បានអោយដឹងថា ខណៈដែលមានរថយន្តប្រភេទដំរីទឹក ពណ៍ខៀវ ឈប់ចតនៅនឹងកន្លែងប៉ះកង់រថយន្ត ដើម្បីសប់កង់ខាងក្រោយផ្នែកខាងឆ្វេងស្រាប់តែឮសម្លេងផ្ទុះដូចផ្ទុះមីន ក៏ឃើញជនរងគ្រោះ ដែលត្រូវជាពូរបស់ខ្លួន និងជាអ្នកសប់កង់ខ្ទាតឆ្លងថ្នល់ ជាមួយដែកកងវ័នកងចំនួនពីរ មកដល់កន្លែងខ្លួនលក់ បែកក្បាលចេញខួ និងឈាមពេញខ្លួនស្លាប់នឹងកន្លែងតែម្តង។

ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ មានឈ្មោះ វង់ ភេទប្រុស អាយុជាង៤០ឆ្នាំមានស្រុកកំណើតខេត្តកំពង់សោម ស្នាក់នៅភូមិសង្កាត់ កំពង់កើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះ អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕