Connect with us

ព័ត៌មានជាតិ

សង្ស័យជម្ងឺស្កន់រើឡើង បុរសម្នាក់ប្រកាច់ធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សញៀនស្រា និងសតិមិនគ្រប់ សង្ស័យជម្ងឺស្កន់រើឡើងបណ្តាលអោយប្រកាច់ធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចសាលាឆទាន (ចាយវ៉ាយ) ស្ថិតនៅក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលសពជនរងគ្រោះមាន ឈ្មោះ សៀង ម៉ុស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បើតាមការលើកឡើងរបស់ឈ្មោះ អ៊ួម អឿម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅក្រុមទី៩ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបញ្ជាក់ថា ជនរងគ្រោះខាងលើជាមនុស្សញៀនស្រា (មានសតិមិនគ្រប់ និងមានជម្ងឺស្កន់ជាន់ ឧស្សាប្រកាច់ញឹកញាប់) ហើយនៅថ្ងៃកើតហេតុ ខ្លួនបានដើរទៅដងទឹកស្រះ ពីខាងត្បូងផ្ទះចម្ងាយ ២៥ម៉ែត្រ នៅចំណុចសាលាឆទាន (ចាយវ៉ាយ) ស្ថិតនៅក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកតែម្តង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញនៅមូលដ្ឋាន ក៏បានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី