ឯកឧត្តម សុខ លូ អញ្ជើញបន្តបើកការដ្ឋានផ្លូវក្រាលបេតុងសរសៃដែក ប្រវែង៤២៦ម៉ែត្រ ទទឹងចន្លោះពី០៦ម៉ែត្រ ទៅ ១៧ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ១០២កង់ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

2

ខេត្តបាត់ដំបង! កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានផ្លូវក្រាលបេតុងសរសៃដែក កំណាត់ផ្លូវលេខ ១៥៦ ប្រវែង ៤២៦ម៉ែត្រ ទទឹងចន្លោះពី៦ម៉ែត្រ ទៅដល់១៧ ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ១០២កង់ ចាប់ពីគល់ស្ពានសោហឺ រហូតដល់កែងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា ក្រុងបាត់ដំបងជាក្រុងចាស់ដែលមានផ្លូវច្រើន ហើយផ្លូវមួយចំនួនមានលូរំដោះទឹកតូច និងខ្លះទៀតគ្មានលូរំដោះទឹកតែម្តងជាហេតុធ្វើឱ្យផ្លូវក្រាលកៅស៊ូជាច្រើនកន្លែងបានរងការខូចខាត ហើយផ្លូវក្រាលកៅស៊ូក្នុងក្រុងបាត់ដំបងនឹងត្រូវជួសជុល និងកសាងឡេីងវិញជាបន្តបន្ទាប់ក្រោយមានការរៀបចំប្រព័ន្ធលូរំដោះទឹករួចរាល់ជាស្ថាពរ។

ឯកឧត្តម ក៏បានបញ្ជាក់ទៀតថាសម្រាប់ផ្លូវក្រាលបេតុងសរសៃដែក កំណាត់ផ្លូវលេខ ១៥៦ មុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនេះ គឺជាផ្លូវអាទិភាពដែលត្រូវធ្វើជាប្រញាប់ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ និងអាចឱ្យរថយន្តសង្គ្រោះបន្ទាន់ប្រតិបត្តិការទាន់ពេលវេលា។

បន្ថែមពីនេះឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួមមាន សង្កាត់ និងក្រុង ត្រូវពិនិត្យដោយយកចិត្តទុកដាក់ទៅលើសំណង់មិនរៀបរយ និងការប្រើប្រាស់ដីចំណីផ្លូវពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែលស្ថិតក្នុដែនសមត្ថកិច្ចរបស់ខ្លួន ហើយគ្រប់សង្កាត់នីមួយត្រូវធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ពីការប្រើប្រាស់ដីចំណីផ្លូវ និងរុះរើរបងដែលសង់ខុសច្បាប់ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ការសាងសង់ផ្លូវនាពេលអនាគត។

ឆ្លៀតក្នុងពិធីនេះផងដែរ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងឱ្យចូលរួមគ្រប់គ្រងសំរាមឱ្យមានរបៀបរៀបរយ ដោយដាក់ក្នុងធុង ឬវេចខ្ចប់អោយបានត្រឹមត្រូវ ចៀសវាងការចោលសំរាមពាសវាលពាសកាល តាមទីសាធារណៈ ក្នុងស្ទឹង បឹងបួរ នានាជាដើម និងមួយវិញទៀតសូមអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីករណីធ្ងន់ធ្ងរដល់សុខភាពដែលបង្កដោយមេរោគនេះ និងសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន៕