Connect with us

ព័ត៌មានកីឡា

បិទការប្រកួត ពានរង្វាន់បាល់ទាត់​ សន្តិភាពរដូវកាលទី២​

បន្ទាយមានជ័យ​ ៖​ ក្រោយពីប្រកួតសន្សំពិន្ទុ​ យ៉ាងស្វិតស្វាញ​ ប្រកបដោយសាមគ្គីភាព​ គោរព​តាមបទបញ្ជា​ វិន័យ​ បច្ចេកទេស​នៃការប្រកួតរយៈពេលប្រមាណ១០សប្តាហ៍​កន្លងទៅ​   ការប្រកួតពានរង្វាន់បាល់ទាត់​ សន្តិភាពរដូវកាលទី២​ ត្រូវបានបិទបញ្ចប់​ កាលពីចុងសប្តាហ៍កន្លងទៅ​ ក្រោមអធិតីភាព​ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ធ្វេីឡេីងនៅតារាងបាល់ទាត់​ អេកូ​ស្ពត តាមបណ្តោយផ្លូវជាតិ​ លេខ៦​ (ផ្លូវសៀមរាប)​ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

លោក​ អៀង ប្រុស​ គ្រូគង្វាលនៅក្រុមជំនុំ បេសកកម្មដំណឹងល្អ និងជាគណៈកម្មការរៀបចំការ ប្រកួតពានរង្វាន់សន្តិភាព​ បានបញ្ជាក់ឱ្យដឹងថា​ នេះជាឆ្នាំទី២ហើយ​ ដែលបានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់សន្តិភាព​ ដែលចាប់ផ្ដើមការប្រកួតកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយបានទទួលការចូលរួមចំនួន២១ក្រុម​ មាន៤អ៊ុយ គឺមហាជនប្រុស មហាជនស្រី អ៊ុយ១៨(U18) និងអ៊ុយ១៦(U16) ដែលមកពីបណ្តារស្រុក-ក្រុងមួយចំនួន ។ លោក​បញ្ជាក់​ថា​ គោលបំណងនៃការប្រកួត​ ១-បង្កើតនិងបង្កើន សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការលេងកីឡា,​ ២-​ បំផុសដល់យុវជន​ ឱ្យងាកមកលេងកីឡា ដេីម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ,​ ៣-​ បំផុសឱ្យយុវជនស្រឡាញ់ការសិក្សា គ្រួសារ សង្គមជាតិ និងស្រឡាញ់សន្តិភាព ។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលខេត្តស្តីទី​ បានថ្លែងនូវការកោត សរសេីរ​ដល់កក្រុមការងារ ជាពិសេសក្រុមជំនុំបេសកកម្ម ដំណឹងល្អ ក្រុមកីឡាករ កីឡាការិនី ទាំងអស់ និងគណ:កម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹង ប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស ដើម្បីប្រកួតយកក្រុមកីឡាដែលទទួលបានជ័យលាភី តាមប្រភេទវិញ្ញាសានីមួយៗ ។ លោក​ បន្តថា​ ការចាញ់ឬឈ្នះពិតមែនតែ មានសារៈសំខាន់សម្រាប់ក្រុមនីមួយៗប៉ុន្តស្មារតីស្រឡាញ់ រាប់អានគ្នាជាបងប្អូន និងសាមគ្គីភាព រវាងកីឡាករនិងកីឡាករ រវាងក្រុមមួយនឹងក្រុមមួយ កាន់តែមានសារៈសំខាន់ថែមទៀត ពិសេសក្នុងពេលនេះគឺបានរៀនសូត្រ ដកពិសោធន៍ពីចំណុចល្អៗ ហើយសំខាន់គឺយើងបានយល់ពីគ្នាទៅវិញទៅមក ក្នុងបុព្វហេតុវិស័យកីឡា ដែលប្រទេសជាតិ យើងកំពុងមានការខិតខំប្រឹងប្រែង ដើរឱ្យទាន់ប្រទេសនានាលើពិភពលោក ។

សូមបញ្ជាក់ថា​ ក្រោយបញ្ចប់ការប្រកួត​ ជ័យ​លាភី​​ U16 លេខ​មួយ បានទៅលេី​ ក្រុម​បញ្ចាខែលខ្ចាស់,​ លេខពីរ​ ក្រមបញ្ចាខែល​ KKT,​ លេខបី​ ក្រុម​បញ្ចាខែល​ Black Man។ U18 លេខមួយ​ បានទៅលេីក្រុម​បញ្ចាខែល​ Black Man,​ លេខពីរ​ បញ្ចាខែល​ POSEIDON,​ លេខបី​ ក្រុមបញ្ចាខែល។ ក្រុមមហាជនស្រី​ លេខមួយ​ នារីបញ្ចាខែល,​ លេខពីរ​ នារីបញ្ចាខែល​ C,​ លេខបី​ នារីបញ្ចាខែល​ POSEIDON,​ ដោយឡែកក្រុមមហជន​ ប្រុស​ លេខមួយ​ បានទៅលេី​ ក្រុម​ Happy Team,​ លេខពីរ​ ក្រមសិរីសោភ័ណ​ និងលេខបី​ ក្រុមមហាជន​ សែនសិន FC។  ក្នុងនោះចំពោះកីឡាករ-កីឡាការីនី​ ឆ្នេីមក៏ទទួបាលពាន់លេីកទឹកចិត្តផងដែរ ៕