Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែហក់ឡើងខ្លាំង បណ្តាលអោយជន់លិចផ្លូវក្នុងក្រុង និងផ្សារសលារៀនតាមស្រុក

បាត់ដំបង ៖ ទឹកស្ទឹងសង្កែ បានហក់ឡើងកំពស់ ដល់១៣,៩០ម៉េត្រ នៅព្រឹកថ្ងៃទី២៩ កញ្ញា នេះ បណ្តាលអោយជន់លិចផ្លូវក្នុងក្រុង និងផ្សារសលារៀនតាមស្រុកដែលអាចចាត់ទុកជាកម្រិតប្រកាសអាសន្នដោយក្នុងនោះអាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។

តាមការអោយដឹងពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ដល់អ្នកសារព័ត៌មានថា ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នា រយៈពេលច្រើនថ្ងៃ នៅឯក្បាលស្ទឹងនាស្រុកសំឡូត បានធ្លាក់មកស្ទឹងសង្កែ ហើយកាលពីម្សិលមិញ ទឹកស្ទឹងកណ្ដាលក្រុងបាត់ដំបង មានកម្ពស់ត្រឹមតែ ១២,១១ ម៉ែត្រ ប៉ុណ្ណោះ ។ លុះមកដល់ព្រឹកនេះ ទឹកស្ទឹងបានហក់ឡើងព្រៀបច្រាំង ដែលជាបញ្ហាមួយធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះកម្ពស់ទឹកព្រឹកនេះ អាចនឹងដល់កម្រិតត្រូវអាជ្ញាធរជូនដំណឹងហើយ ហើយក៏ជាកម្ពស់មួយជិតនឹងដល់កម្រិតប្រកាសអាសន្នផងដែរ ។

លោកបានបន្តថា នៅល្ងាចនេះ ឬក៏ថ្ងៃស្អែក ទឹកនឹងស្រកវិញ ប្រសិនបើនៅក្បាលស្ទឹងចាប់ផ្ដើមរាំង ដោយមិនមានភ្លៀងធ្លាក់បន្តទៀត ។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងារទាំងនៅទំនប់ទឹកកង្ហត ទំនប់ពហុបំណង និងទំនប់សាលាតាអន បានតាមដាន និងរាយការណ៍កម្ពស់ទឹកជាប់ជាប្រចាំ ដើម្បីជូនដំណឹងដល់អាជ្ញាធរខេត្តឲ្យបានជ្រាប ។ ដោយឡែកប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងនៅប៉ែកខាងក្រោមក្រុងបាត់ដំបង ដូចជា ស្រុកសង្កែ និងស្រុកឯកភ្នំ ក៏ត្រូវមានការត្រៀមលក្ខណៈប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ប្រសិនបើមានការជូនដំណឹងពីរដ្ឋបាលខេត្ត ព្រោះពេលនេះទឹកស្ទឹងបានបែកចូលទៅកណ្ដាលក្រុងបាត់ដំបងជាបណ្តើរៗហើយ ។ ដោយឡែកតាមបណ្ដាស្រុកដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងសង្កែនេះ ធ្ងន់ធ្ងរមានស្រុកបាណន់ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ។ ក្នុងនោះស្រុកបាណន់ ទឹកដែលហូរចេញពីស្ទឹងកំពុងជន់លិចផ្លូវថ្នល់ លិចផ្ទះ និងលិចផលដំណាំ រីឯនៅក្នុងក្រុងបាត់ដំបង ទឹកកំពុងហូរចេញតាមប្រព័ន្ធលូ ជន់លិចតំបន់ផ្សារបឹងឈូក និងលិចកំណាត់ផ្លូវមួយចំនួននៅក្នុងក្រុង ។ នៅស្រុកឯកភ្នំ បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ហាក់មានស្ថានភាពធ្ងន់ធ្ងរជាងគេ ដោយសារតែជាស្រុកដែលនៅប៉ែកខាងក្រោម នៃដងស្ទឹង ធ្វើអោយជំនន់ទឹកស្ទឹង កំពុងបែកចេញពីស្ទឹងចូលក្នុងភូមិ ជន់លិចផ្ទះប្រជាពលរដ្ឋ និងលិចកំណាត់ផ្លូវជាច្រើនកន្លែង  ៕
ដោយ ៖ សាលី