Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បំផ្លាញ លំនៅឋានប្រជាពលរដ្ឋ ជិត២០០ខ្នងនៅស្រុកថ្មពួក និងស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋ ជិត២០០ខ្នង នៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់ បក់បោកបណ្តាលឲ្យដូលរលំ និងប៉ើងដំបូល កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។

ក្រោយហេតុការណ៍ភ្លាមៗ គេសង្កេតឃើញមាន កងកម្លាំងមូលដ្ឋាន ទាំង៣ប្រភេទ និងអាជ្ញាធរ បានចុះជួយរៀបចំបឋមឲ្យប្រជាពលរដ្ឋ ដល់តាមបណ្តាផ្ទះរងគ្រោះ ។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានឲ្យសារព័ត៌មានដឹងថា ស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ៣ឃុំ មានឃុំថ្មពួក ឃុំគំរូ និងឃុំភូមិថ្មី បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន១៩០ខ្នងផ្ទះ និងសាលារៀន៥ខ្នង ។

លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេក បានឲ្យដឹងដែរថា សម្រាប់ស្រុកស្វាយចេក មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៩ខ្នង នៅឃុំទ្រាស ក្នុងនោះ មានភូមិពន្លៃចាស់ ចំនួន២ខ្នងផ្ទះ និងភូមិពន្លៃថ្មី ចំនួន៧ខ្នងផ្ទះ ៕