Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ៖កូនក្មួយត្រូវចាំថា មានតែចំណេះវិជ្ជាទេ ទើបរុញកូនៗឱ្យឆ្លងផុតពីភាពក្រីក្រ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានណែនាំដល់យុវតីពីរនាក់ដែលជាសិស្សឆ្នើម ហើយទើបតែទទួលបានជ័យលាភីក្នុងការប្រឡងស្មូតកំណាព្យនិងតែងនិពន្ធនៅទូទាំងប្រទេស ឱ្យខិតខំរៀនសូត្របន្ថែម ខណៈមានតែចំណេះដឹងទេដែលអាចរុញច្រានវាសនាកូនក្មួយឱ្យឆ្លងផុតពីភាពក្រីក្រ។ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ២គ្រឿងដល់យុវតីទាំងពីរក្រោយសន្យាបន្ទាប់ពីទទួលបានជ័យលាភី។

អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា កូនក្មួយទាំងពីរមានសមត្ថភាពរួចហើយក្នុងការតែងនិពន្ធនិងទឹកដមសំឡេងក្នុងការស្មូត ប៉ុន្តែកូនក្មួយទាំងពីរនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះសូមកូនក្មួយបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីកែប្រែវាសនានិងមានឱកាសឈោងចាប់ការងារល្អៗនៅក្នុងសង្គមជាតិ។កូនក្មួយគឺជាធនធានមនុស្សដែលប្រទេសជាតិកំពុងត្រូវការ ជាពន្លកនិងឈាមជ័រដ៏ល្អរបស់សង្គមជាតិ សង្គមគ្រួសារហើយពិសេសជាឈាមជ័រអ្នកប្រាជ្ញដែលខេត្តកំពង់ស្ពឺមាន។

អភិបាលរូបនេះបញ្ជាក់បន្ថែមថាថ្វីកូនក្មួយកើតមកក្នុងត្រកូលគ្រួសារក្រីក្រ តែក្មួយមិនត្រូវតូចចិត្តនោះទេ ព្រោះក្មួយមានសមត្ថភាពគ្រប់គ្រាន់ដែលអាចជួយកសាងជីវភាពគ្រួសារមួយនេះឱ្យរុងរឿងតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រនិងមានការងារល្អធ្វើ។ក្មួយមិនត្រឹមតែជួយជ្រោងជីវភាពគ្រួសារប៉ុណ្ណោះទេ អនាគតក្មួយក៏អាចជួយដល់កិច្ចការប្រទេសជាតិផងដែរ ដូច្នេះមានតែចំណេះដឹងទេ គឺជាក្បូនចម្លងកូនក្មួយឱ្យផុតពីភាពល្ងិតល្ងង់និងភាពក្រីក្រ។

សូមបញ្ជាក់ថាយុវតីទាំង២រូបដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ពានរង្វាន់ “សម្តេចតេជោ ហ៊ុន សែន” ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៨ (១១ មីនា ២០២៣) ១-ផ្នែកស្មូតកំណាព្យយុវសិស្ស សាត់ ស្រីណុច បេក្ខជនមកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសេដ្ឋ ស្រុកបសេដ្ឋ ២-ជ័យលាភីលេខ១ផ្នែកតែងនិពន្ធគឺយុវសិស្ស ឃឹម សូនីតា បេក្ខជនមកពីវិទ្យាល័យសម្ដេចតេជោហ៊ុនសែនរលាំងឈូក ស្រុកសំរោងទង។