បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថភ្លើងបុកពេញទំហឹងបណ្តាលអោយខូចខាតយ៉ាងដំណំ

ខេត្តបាត់ដំបង! រថយន្តHighlander មួយគ្រឿងខូចខាតយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នត្រូវបានរថភ្លើងបុកពេញទំហឹងនៅវេលាម៉ោង២២និង២០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងទឹកប្រេងមួយគ្រឿងមានលេខខាងមុខ6561បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកHighlander ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AN-6129 បើកបរដោយបុរសម្នាក់ដឹកប្រពន្ធចេញពីហូបការ បើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក្នុងទិសដៅពីជើងទៅត្បូង ក៏ត្រូវបានរថភ្លើងបុកពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងអ្នករួមដំណើរជាប្រពន្ធរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនាំយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប៕

CATEGORIES
Share This