Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ ៥នាក់​ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជាមួយថ្នាំញៀន មួយចំនួនធំ

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ជាមួយថ្នាំញៀនមួយចំនួនធំ ។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង០២ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវមុខក្លឹប​ Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ។

ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនរួមមាន ៖ ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ,​ ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ,​ ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ,​ ៤-ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ,​ ៥-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ ទាំង៥នាក់មានទីលំនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះផងដែរ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើពណ៌ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ក្រាម,​ កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) សរុបចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម, ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម​,​ ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង,​ ម៉ូតូ ចំនួន ០៣គ្រឿង,​ ​ទូរស័ព្ទ ចំនួន ០៧គ្រឿង​ រួមនិងវត្ថុតាងមួយចំនួនទៀត។

​ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕