Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋទីទ័លក្រ ០៧គ្រួសារ ក្នុងសង្កាត់រតនៈ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

បាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារសាខាខេត្ត ដឹកនាំដោយលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា និងសហការី ចុះនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ មានជីវភាពខ្វះខាតចំនួន ៧គ្រួសារ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ផេង សិទ្ធី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ  ។

លោកក៏បាននាំនូវសារអប់រំថែទាំសុខភាពដល់ប្រជាពលរដ្ឋត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផងដែរ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ,មី ០១កេស, ទឹកស៊ីអ៊ីវ១យូរ, ទឹកត្រី ០១យូរ, ត្រី ខ១យូរ ,មុង១, ក្រមា១ និងថវិកាមួយចំនួន ដោយឡែកស្រ្តីមេម៉ាយមានកូនស្រីក្នុងបន្ទុកខ្វះមធ្យោបាយទៅរៀនបានបន្ថែមកង់ចំនួន១ផងដែរ ៕
ដោយ ៖ សាលី