Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងក្រមសីលធម៌គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសុខាភិបាល នៃមន្ទីរពេទ្យជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។

ជាមួយនឹងការចុះនេះ លោកជំទាវបានលើកឡើងថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជា តាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំ របស់រាជរដ្ឋាភិបាល។

ខេត្តប៉ៃលិនមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន ២១៦នក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៦នាក់ ស្រី ១៤នាក់ ៕