Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៉ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ

បន្ទាយមានជ័យ ៖ ម្ចាស់ម៉ូតូចំនួន១៣គ្រឿង ដែលបំពាក់ស៉ីម៉ាំងប្រែន ហើយត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ឃាត់ម៉ូតូទុកកាលបុណ្យចូលឆ្នាំថ្មី ត្រូវបានធ្វើការអបរំ និងយកសម្ភារ:ត្រឹមត្រូវគ្រប់គ្រាន់ តាមលក្ខណ:បច្ចេកទេស មកផ្លាស់ប្តូរទើបប្រគល់អោយទៅវិញ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានអោយដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កម្លាំងនគរបាលចរាចរបានឃាត់ទុកនៅម៉ូតូទាំង១៣គ្រឿង ដែលបំពាក់បំពាក់ស៊ីម៉ាំងលឺខ្លាំង ចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង ។ លុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោកបានធ្វើការកោះហៅម្ចាស់ម៉ូតូ ទាំង១៣គ្រឿង ជាយុវជន ធ្វើការអប់រំយល់ដឹងពីការបំពាក់ឧបករណ៍ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយឱ្យម្ចាស់ម៉ូតូមកដោះស្រាយ និងយកសម្ភារ:ត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ:បច្ចេកទេស មកប្តូរវិញ។

ក្រោយធ្វើការអប់រំណែនាំរួច  បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាល បើម្ចាស់នៅតែបន្តសកម្មភាព ប្រើប្រាស់បើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសម្លេងឮខ្លាំង រំខានគេឯងទៀត សមត្ថកិច្ចយើងនឹងមានចំណាត់ការច្បាប់ ៕